បរទេស៖ នៅថ្ងៃសុក្រនេះ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានប្រគល់ទ្រព្យ ដែលគិតជាទឹកប្រាក់រាប់លានដុល្លារ ដែលបានបង្កកពីរដ្ឋាភិបាល នៃប្រទេសវេណេស៊ុយអេឡា ទៅឲ្យក្រុមបក្សប្រឆាំងក្នុងប្រទេស ដោយយកមូលហេតុថា យកទៅប្រើប្រាស់សម្រាប់ការងារ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។
នៅក្នុងសេចក្តីប្រកាសមួយ ដែលត្រូវបានធ្វើឡើង ដោយបក្សប្រឆាំងរបស់វេណេស៊ុយអេឡា បានបញ្ជាក់ថា រតនាគារជាតិនៃប្រទេសអាមេរិក បានអនុម័តឲ្យបក្សរបស់ខ្លួន ក្នុងការយកប្រាក់ទាំងនោះ មកប្រើប្រាស់ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ទេថា វាមានទំហំនិងចំនួនប៉ុន្មាននោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បានបន្តទៀតថា កញ្ចប់ប្រាក់ដែលខ្លួនបានទទួល នឹងយកទៅប្រើប្រាស់ សម្រាប់ជួយដល់ក្រុមការងារ ផ្នែកសុខាភិបាលប្រមាណជា ៦២០០០នាក់ ដោយក្នុងម្នាក់ នឹងទទួលបានប្រមាណជា ៣០០ដុល្លារអាមេរិក ខណៈដែលបច្ចុប្បន្នពួកគេ អាចករបានត្រឹមតែ៥ដុល្លារ ក្នុងមួយខែប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី