បរទេស៖ នៅថ្ងៃសុក្រនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ថាADB បានប្រកាសថា ខ្លួនបានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការបញ្ចេញប្រាក់កម្ចី ផ្អែកលើគោលនយោបាយ ប្រមាណជា ៣០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការអនុវត្តកំណែទម្រង់ ដើម្បីពង្រីកលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុ របស់ប្រជាជនរបស់ខ្លួន។
យោងតាមការអះអាងរបស់ ធនាគារដែលមានមូលដ្ឋាន នៅទីក្រុងម៉ានីលប្រាក់កម្ចី របស់ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងគាំទ្រកំណែទម្រង់ ដើម្បីជួយរដ្ឋាភិបាលហ្វីលីពីន ឱ្យឈានដល់គោលដៅ ដែលទាក់ទងទៅនឹងយុទ្ធសាស្ត្រជាតិ ដោយក្នុងនោះ មានរាប់បញ្ចូល ទាំងវិស័យហិរញ្ញវត្ថុផងដែរ។
ការប្រកាសដដែល បាននិយាយថាវិធានការណ៍ទាំងនេះ នឹងអាចពង្រឹងបរិយាកាសស្ថាប័ន និងគោលនយោបាយ សម្រាប់ការដាក់បញ្ចូលហិរញ្ញវត្ថុ ធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងបង្កើនសមត្ថភាព និងការឈានដល់អ្នកផ្តល់សេវាកម្មនេះផង ជាពិសេសធនាគារ នៅតាមជនបទនិងស្ថាប័នហិរញ្ញវត្ថុ មិនមែនធនាគារជាដើមផង៕
ប្រែសម្រួល៖ស៊ុនលី