បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយប្រាប់ថា ខ្លួននឹងដាក់បម្រាមទិដ្ឋាការ លើមន្ត្រីអ៊ីរ៉ង់១៣នាក់ ដែលខ្លួនចោទប្រកាន់ ពីបទពាក់ព័ន្ធ ក្នុងការរំលោភបំពាន សិទ្ធិមនុស្សធ្ងន់ធ្ងរ សម្រាប់ការធ្វើឃាតឥស្សរជន បក្សប្រឆាំង អ៊ីរ៉ង់មួយរូប កាលពីឆ្នាំ១៩៩០ នៅក្នុងប្រទេសស្វីស។
ក្រសួងការបរទេស សហរដ្ឋអាមេរិក មិនបានប្រាប់ឈ្មោះមន្ត្រីទាំង១៣នាក់នោះទេ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាយថា ខ្លួនក៏នឹងកំណត់ជនជាតិអ៊ីរ៉ង់ទី១៤ម្នាក់ គឺលោក Hojatollah Khodaei Souri ដែលខ្លួននិយាយថា ជានាយកពន្ធនាគារអ៊ីរ៉ង់ Evin Prison ដែលបានគ្រប់គ្រងស្ថាប័នមួយ ធ្វើទារុណកម្ម និងអំពើឃោរឃៅផ្សេងទៀត ជាការដាក់ទោសឬក៏ពិន័យ យ៉ាងព្រៃផ្សៃគ្មានមនុស្សធម៌ ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយប្រាប់ថា “សហរដ្ឋអាមរិក នឹងបន្តដាក់សម្ពាធប្រទេសអ៊ីរ៉ង់ ឲ្យប្រព្រឹត្តលើប្រជាជនខ្លួនឯងប្រកបដោយសេចក្តីថ្លៃថ្នូនិងការគោរព”៕
ប្រែសម្រួល៖ប៉ាង កុង