បរទេស៖ អនុគណៈកម្មាធិការ នៃសភាថៃ ផ្នែកពិនិត្យពិចារណា លើគំរោងថវិកា សំរាប់ឆ្នាំសារពើពន្ធឆ្នាំ ២០២១ គឺបានអនុម័តលើការទិញនាវា មុជទឹកពីរគ្រឿង ដែលមានតំលៃ ២២,៥ ពាន់លានបាតពីប្រទេសចិន ទោះបីវាមិនទាន់ជាឯកច្ឆន្ទក៏ដោយ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ការរិះគន់នៃការចំណាយ លើវិស័យការពារជាតិ កំពុងបង្កើនសម្ពាធ ដោយទាមទារឱ្យពិនិត្យឡើងវិញ នូវផែនការលទ្ធកម្មអាវុធ របស់កងកម្លាំង ប្រដាប់អាវុធ រួមទាំងការបញ្ជា ទិញនាវាមុជទឹក ដូច្នេះថវិកាជាច្រើន អាចត្រូវបានសន្សំទុក និងបញ្ចូលទៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដោះស្រាយបញ្ហា សេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលបង្កឡើងដោយវិបត្តិ នៃមេរោគកូវីដ១៩ ។
លោក Yutthapong Jarassathian សមាជិកសភា មកពីគណបក្សភឿថៃ និងជាអនុប្រធាន នៃអនុគណៈកម្មាធិការ ក្រោមគណៈកម្មាធិការសភា ទទួលបន្ទុកទំនិញប្រើប្រាស់ បានយូរ, សហគ្រាសរដ្ឋ, ឧបករណ៍ ICT និងមូលនិធិបង្វិល បានប្រាប់សន្និសីទសារព័ត៌មាន កាលពីម្សិលមិញថា អនុគណៈកម្មាធិការបានពិចារណា លើសំណើថវិកា របស់កងទ័ពជើងទឹកថៃ (RTN) ចំពោះការទិញនាវាមុជទឹក ២គ្រឿង សម្រាប់លើកទីពីរ ។
លោក Yutthapong បាននិយាយថា នៅក្នុងកិច្ចប្រជុំលើកដំបូង អនុគណៈកម្មាធិការ មិនអាចសម្រេចទៅលើបញ្ហានេះ ពីព្រោះវាមិនអាចសម្រេចចិត្តថា តើអនុញ្ញាតឱ្យ RTN ទិញនាវាមុជទឹក ឬុយ៉ាងណា ។
លោកបាននិយាយថា ខាងកងទ័ពជើងទឹកថៃ បានប្រាប់អនុគណៈកម្មាធិការនេះថា ខ្លួនបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាមួយ ដើម្បីទិញនាវាមុជទឹកចំនួន ៣ គ្រឿងពីប្រទេសចិន ៕ប្រែសម្រួលៈ ណៃ តុលា