បរទេស៖ ទីក្រុងដាណាង ប្រទេសវៀតណាម បានចាប់ផ្តើមធ្វើតេស្តរកមេរោគកូវីដ១៩ទៅលើពលករបរទេស និងអ្នកទេសចរបរទេសជិត ២ ២០០ នាក់ហើយបានជាប់គាំងក្នុងទីក្រុងមួយនេះ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃសុក្រមជ្ឈមណ្ឌលគ្រប់គ្រងជំងឺនិងបុគ្គលិកសុខាភិបាលនៅទីក្រុង ដាណាង នៅស្រុក Son Tra បានយកសំណាកពីប្រជាជនចំនួន ៣៦២ នាក់រស់នៅក្នុងស្រុក An Hai Dong និងសង្កាត់ Man Thai ។
លោក Ngo Van Dinh Hoai អនុប្រធានមជ្ឈមណ្ឌលវេជ្ជសាស្ត្រស្រុក Son Tra បាននិយាយថា មានឧបសគ្គផ្នែកភាសាមួយចំនួនកើតឡើង ភាគច្រើនទៅលើជនបរទេសមកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងអេស្ប៉ាញ។
លោក Ngo Van Dinh Hoai បាននិយាយថា“ អាជ្ញាធរក្រុងនឹងយកសំណាកពីជនបរទេសទាំងអស់ដែលរស់នៅឬជាប់នៅក្នុងទីក្រុងនេះ” ។
រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិបាលលោក Nguyen Thanh Long បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្ទុះឡើងនៃមេរោគធំបំផុតគឺនៅ ដាណាង ក្វាងណាម និងហាយដុង គឺត្រូវបាន“ គ្រប់គ្រងជាមូលដ្ឋាន” ដោយចំនួនករណីឆ្លងមេរោគថ្មីបានធ្លាក់ចុះជាលំដាប់។
អាជ្ញាធរទីក្រុងដាណាងបានសម្រេចចិត្តបន្តការរក្សាគម្លាតសង្គម ដោយកំណត់ការប្រមូលផ្តុំមនុស្សត្រឹមចំនួនពីរនាក់ និងការទិញទំនិញតាមផ្ទះ គឺធ្វើឡើងត្រឹមតែម្តងក្នុងរយៈពេលបីថ្ងៃ នៅពេលដែលទីក្រុងនេះបានកត់ត្រាការឆ្លងចំនួន ៣៦៩ ចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដា។
អាជ្ញាធរវៀតណាម ក៏បានពន្លឿនការធ្វើតេស្តរកមេរោគទ្រង់ទ្រាយធំ នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ផងដែរ។
ក្រសួងសុខាភិបាលវៀតណាមបាននិយាយថារហូតមកដល់ពេលនេះទីក្រុងដាណាង បានធ្វើតេស្តិ៍មនុស្សចំនួន ៨៦.០០០ នាក់។ សូមជម្រាបថា ចំនួនអ្នកឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសវៀតណាមឥឡូវនេះមានចំនួន ១.០០៩ ក្នុងនោះ មានស្លាប់ចំនួន ២៥ នាក់៕
ប្រែសម្រួលៈ ណៃ តុលា