តេហេរ៉ង់៖ ប្រធានអង្គការអាកាស ចរណ៍ស៊ីវិលអ៊ីរ៉ង់ បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង នៅថ្ងៃសៅរ៍ថា ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទូទាត់សំណងទាក់ទងនឹងករណីយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ដែលបានធ្លាក់នៅ ក្នុងដែនអាកាសអ៊ីរ៉ង់កាលពីខែមករា។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ការលើកឡើងរបស់លោក Touraj Dehqani Zangeneh ប្រធានអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ បានធ្វើឡើងនៅមុនកិច្ចចរចាជុំថ្មីរវាងមន្រ្តីអាកាសចរណ៍នៃប្រទេសទាំងពីរដែលនឹងត្រូវធ្វើឡើងនៅក្នុងខែតុលានៅរដ្ឋធានី តេហេរ៉ង់។
លោក Zangeneh ត្រូវបានគេដកស្រង់សំដីដោយនិយាយថា អ្វីដែលជាភស្តុតាងនោះគឺថាប្រទេសអ៊ីរ៉ង់បានទទួលយកការទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួនហើយ ដូច្នេះប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាស្តីពីការទូទាត់សំណងពេញលេញសម្រាប់អ្វីដែលបានធ្វើ។
លោកបន្តថា “សំណងនឹងត្រូវបង់ក្នុងច្បាប់អន្តរជាតិនិងដោយគ្មានការរើសអើង” ។
សូមជម្រាបថា យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនមួយគ្រឿង ត្រូវបានវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ បន្ទាប់ពីហោះចេញពីដែនអាកាសរបស់ក្រុង តេហេរ៉ង់ កាលពីថ្ងៃទី ៨ ខែមករាដោយបានសម្លាប់មនុស្សទាំងអស់ ១៧៦ នាក់នៅលើយន្តហោះនោះ។ ប្រទេស អ៊ីរ៉ង់បាននិយាយថាកងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្ដហោះដោយចៃដន្យ៕
ប្រែសម្រួលៈ ណៃ តុលា