ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ សីហានេះ បាននិងកំពុងចូលរួម កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ (3rd Mekong-Lancang Cooperation Summit) តាមប្រព័ន្ធវីដេអូ (Video Conference) នាវិមានសន្តិភាព។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ នៅឆ្នាំ២០២០ នេះ គឺប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដែលមានលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ។ ប្រទេសជាសមាជិកនៃ ឡានឆាងមេគង្គគឺមាន ៦ដូចជា កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និង ប្រទេសចិន។
កិច្ចប្រជុំតាមប្រព័ន្ធ Video Conference ស្អែកនេះ គឺក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»។ ថ្នាក់ដឹកនាំទាំងអស់ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមទិសដៅ នៃសេចក្ដីថ្លែងការណ៍សាន់យ៉ា ឆ្នាំ២០១៦, សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល ៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគត សម្រាប់ការពង្រីកវិស័យ នៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាការពង្រឹងភាពជាដៃគូ ក្នុងចំណោមបណ្តាប្រទេស មេគង្គ-ឡានឆាង។
នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំប្រទេសសមាជិក មេគង្គ-ឡានឆាង នឹងផ្តោតការយកចិត្តទុកដាក់ផងដែរ លើកិច្ចខិតខំប្រឹងប្រែងរួម របស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការប្រយុទ្ធប្រឆាំង និងដោះស្រាយជំងឺរាតត្បាត ជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គម ក្រោយជំងឺកូវីដ-១៩ ។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ នឹងគូសបញ្ជាក់ផងដែរអំពី សារៈសំខាន់នៃសន្តិភាព ប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាព យូរអង្វែងនៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជាការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេស មេគង្គ-ឡានឆាង ៕