ព័ត៌មានអន្តរជាតិ

ក្រោយត្រូវបានតែងតាំង ជាបេក្ខជនប្រធានាធិបតីផ្លូវការ របស់បក្សសាធារណរដ្ឋឡើងវិញ លោក ត្រាំ ប្ដេជ្ញាកសាង សេដ្ឋកិច្ចឡើងវិញ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសាធារណរដ្ឋលោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទបានប្តេជ្ញាថា នឹងឈ្នះការបោះឆ្នោតខែវិច្ឆិកា ហើយកសាងសេដ្ឋកិច្ច សហរដ្ឋអាមេរិក ដែលបែកបាក់ដោយសារ ជំងឺរាតត្បាតឆ្លងរាលដាល បន្ទាប់ពីលោកត្រូវបានតែងតាំងជាផ្លូវការ ដោយគណបក្សសាធារណរដ្ឋរបស់លោក សម្រាប់អាណត្តិទី២ នៅសេតវិមាន។

លោកប្រធានាធិបតីវ័យ ៧៤ ឆ្នាំរូបនេះ បានលើកឡើងថា “នេះគឺជាការបោះឆ្នោត ដ៏សំខាន់បំផុត នៅក្នុងប្រវត្តិសាស្រ្ត នៃប្រទេសរបស់យើង ។ ប្រទេសរបស់យើងអាចឈាន ទៅរកទិសដៅដ៏អាក្រក់គួរឱ្យរន្ធត់ ឬក្នុងទិសដៅកាន់តែអស្ចារ្យ” ដែលវាជាការឲ្យដឹងនៅក្នុងសន្និបាតជាតិ របស់គណបក្សសាធារណរដ្ឋ ដែលបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ នៅភាគខាងត្បូងរដ្ឋ North Carolina ។

លោក ត្រាំ គ្រោងនឹងថ្លែងសុន្ទរកថា ទទួលយកការតែងតាំងជាផ្លូវការ របស់លោកនៅថ្ងៃព្រហស្បតិ៍ពីសេតវិមាន ព្រោះថាសន្និបាតដែលមានរយៈពេល ៤ថ្ងៃត្រូវបានកាត់បន្ថយដោយសារ តែជំងឺរាតត្បាតដែលបានធ្វើឱ្យ មនុស្សជាង ១៧៦.០០០ នាក់ស្លាប់នៅក្នុងប្រទេស។

តាមរយៈការបង្ហាញ នៅក្នុងព្រឹត្តិការណ៍នោះលោក ត្រាំ ទំនងជាបានបង្ហាញខ្លួនលោកថា ជាមេដឹកនាំខ្លាំងម្នាក់ដ៏ល្អបំផុត ផ្ទុយពីគូប្រជែងប្រជាធិបតេយ្យ របស់លោកដែលមានអាយុ ៧៧ ឆ្នាំ គឺលោក Joe Biden ដែលបានធ្វើយុទ្ធនាការភាគច្រើន តាមអ៊ីនធឺណិត ពីគេហដ្ឋាន របស់លោក ហើយបានទទួលយកការតែងតាំង ជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ ៕ ដោយ ឈូក បូរ៉ា

To Top