ព័ត៌មានជាតិ

ក្រុមការងាររាជរដ្ឋាភិបាល នឹងរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលើខ្លឹមសារ មាត្រាទាំង១៤ នៃច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

ភ្នំពេញ ៖ ក្រុមការងាររាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នឹងរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលើខ្លឹមសារ មាត្រាទាំង១៤ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានស្នើសុំធ្វើវិសោធនកម្ម ដោយតំណាងអង្គការសង្គមស៊ីវិល។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា កន្លងមក ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល បានរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ ចំនួន៦លើក ជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីស្វែងយល់ពីគោលបំណង និងហេតុផលក្នុងការលើកសំណើរសុំធ្វើវិសោធនកម្ម ចំនួន១៧មាត្រា នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ជាលទ្ធផល នៃកិច្ចប្រជុំនេះបានពិភាក្សា និងពិគ្រោះយោបល់ លើមាត្រាចំនួន១៤ រួមមាន ៖ មាត្រា១ ,មាត្រា៧ ,មាត្រា៨ ,មាត្រា៩ ,មាត្រា១០ ,មាត្រា២០ ,មាត្រា២៤ ,មាត្រា២៥ ,មាត្រា២៦ ,មាត្រា៣០ ,មាត្រា៣១ ,មាត្រា៣២ និងមាត្រា៣៥។ដោយឡែក មាត្រាចំនួន៣ គឺមាត្រា៣ ,មាត្រា៤ ,និងមាត្រា២៧ តំណាងសង្គមស៊ីវិល បានស្នើសុំរក្សាទុកនូវខ្លឹមសារដើមដដែល៕

To Top