ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹង ថា កម្ពុជាកំពុងធ្វើការជាមួយភាគីថៃ ដើម្បីអនុញ្ញាតឲ្យរថយន្តដឹកទំនិញធ្វើចរាចរណ៍តាមច្រកទ្វារ ស្ទឹងបត់-បានណងអៀន បណ្ដោះអាសន្ន និងធ្វើការជាមួយភាគីវៀតណាម ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅព្រំដែន បាវិត-ម៉ុកបៃ ផងដែរ។
ក្នុងកិច្ចប្រជុំលើកទី១របស់ក្រុមការងារចំពោះកិច្ច ដើម្បី ដោះស្រាយបញ្ហាប្រឈមនៅច្រកទ្វារ ព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា «ក្រសួងបាន និងកំពុងធ្វើការជាមួយភាគីថៃ ដើម្បីអនុញ្ញាតឱ្យរថយន្តដឹកទំនិញ ធ្វើចរាចរណ៍តាមច្រកទ្វារស្ទឹងបត់-បានណងអៀន បណ្ដោះអាសន្ន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត និងបានធ្វើការជាមួយភាគីវៀតណាម ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅព្រំដែនបាវិត-ម៉ុកបៃ ផងដែរ»។
លោកក៏បានជំរុញលើកទឹកចិត្ត ឲ្យអង្គប្រជុំទាំងមូលចូលរួមជាមតិ យោបល់ក្នុងការប្រែក្លាយ វិស័យភស្ដុភារកម្មកម្ពុជា ឲ្យទៅជាមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញ របស់ប្រទេសជិតខាង ដោយហេតុថា កម្ពុជាស្ថិតក្នុងភូមិសាស្ត្រដ៏មានអំណោយ ផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូន ទំនិញពីថៃ-កម្ពុជា-វៀតណាម និងពីវៀតណាម-កម្ពុជា-ថៃ។
លោកក៏បានកោតសរសើរ ក្រុមការងារចំពោះកិច្ច និងភាគីពាក់ព័ន្ធ ដែលបានសហការល្អរៀបរៀង ផែនការសកម្មភាពនេះឡើង និងបានណែនាំឱ្យក្រុមការងារ ចំពោះកិច្ចយកធាតុចូលទាំងឡាយ ដែលបានមកពីកិច្ចប្រជុំនេះ ទៅធ្វើការកែសម្រួល ផែនការសកម្មភាព ឱ្យកាន់តែប្រសើរឡើង និងរៀបចំផែនការសកម្មភាព ទៅតាមកញ្ចប់សម្រាប់រយៈពេលខ្លី មធ្យម និងរយៈពេលវែង ជាពិសេសកញ្ចប់ផែនការសកម្មភាព បន្ទាន់ដែលត្រូវអនុវត្តនៅចុងឆ្នាំនេះ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ។
ឆ្លៀតឱកាសនោះ រដ្ឋមន្ត្រីសាធារណការ ក៏បានលើកឡើងអំពី គម្រោងសាងសង់ ពង្រីក និងលើកកម្ពស់គុណភាព និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បីជំរុញនិងលើកកម្ពស់ វិស័យភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើង និងអាចប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់៕