ព័ត៌មានអន្តរជាតិ

TikTok ប្ដឹងរដ្ឋបាលលោក ត្រាំ ពីបទហាមឃាត់សេវា របស់ខ្លួននៅអាមេរិក

ញូវយ៉ក៖ កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយម ដែលមានមូលដ្ឋាននៅប្រទេសចិនគឺបណ្ដាញសង្គម TikTok បានឲ្យដឹងថា ខ្លួនបានប្តឹងរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពីបទហាមឃាត់ សេវាកម្មរបស់ខ្លួន នៅសហរដ្ឋអាមេរិក។

បណ្តឹងដែលត្រូវបានដាក់ទៅតុលាការសហព័ន្ធនៅរដ្ឋកាលីហ្វ័រញ៉ា ទាមទារឲ្យមោឃភាពនូវបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ដែលវាកើតឡើងនៅពេលដែលលោក ត្រាំ បានបង្កើនសម្ពាធលើ TikTok ចំពេលមានការព្រួយបារម្ភថាវេទិកានេះ គឺជាហានិភ័យឯកជន និងងាយនឹងសកម្មភាព ត្រួតពិនិត្យរបស់ទីក្រុងប៉េកាំង។

ក្រុមហ៊ុន TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានឲ្យដឹងថា“ ឥឡូវនេះដល់ពេលដែលយើងត្រូវធ្វើសកម្មភាពហើយ។

ក្រុមហ៊ុន TikTok បានឲ្យដឹងទៀតថា“ សព្វថ្ងៃនេះជនជាតិអាមេរិក ១០០ លាននាក់ បានងាកមករក TikTok សម្រាប់ការកម្សាន្តការបំផុសគំនិត និងការតភ្ជាប់ទំនាក់ទំនង ហើយក៏មានគម្រោងនឹងពង្រីក ការជួលបុគ្គលិកនៅក្នុងប្រទេសនេះផងដែរ៕ ដោយ ឈូក បូរ៉ា

To Top