ព័ត៌មានអន្តរជាតិ

ចិនយល់ព្រម ជាអាមេរិក ជំរុញបន្តអនុវត្តកិច្ចព្រមព្រៀង ជំនួញជំហានទីមួយ

បរទេស៖ប្រទេសចិន នៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ខ្លួនបានយល់ព្រមជាមួយសហរដ្ឋអាមេរិក បន្តជំរុញអនុវត្តកិច្ចព្រមព្រៀងជំនួញ ទ្វេភាគីជំហានទីមួយ ដែលបានធ្វើឡើងកាលពីដើមឆ្នាំនេះ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ រវាងមន្ត្រីចរចាជាន់ខ្ពស់របស់ប្រទេសទាំងពីរ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Today Online នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងពាណិជ្ជកម្មចិន បាននិយាយប្រាប់ថា ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He បានពិភាក្សាគ្នាជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer និងរដ្ឋមន្ត្រីរតនាគារ លោក Steven Mnuchin។

ក្រសួងពាណិជ្្ជកម្មចិន ក៏បាននិយាយបន្ថែមទៀតថា ភាគីទាំងពីរ បានធ្វើិកិច្ចពិភាក្សាប្រកបដោយអំណោយផលល្អ ស្តីពីកិច្ចព្រមព្រៀងជំនួញ និងស្តីពីការពង្រឹងការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច។

គួរបញ្ជាក់ថា កិច្ចសន្ទនាគ្នាតាមទូរស័ព្ទនេះ ដើមឡើយគ្រោងធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា គឺក្រោយ៦ខែបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានចាប់ផ្តើម ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលជាញឹកញាប់ខឹងប្រទេសចិន ជុំវិញការរាតត្បាតនៃមេរោគកូរ៉ូណា បាននិយាយកាលពីសប្ដាហ៍មុនថា លោកបានពន្យាពេលកិច្ចពិភាក្សាគ្នាជាមួយចិន ព្រោះតែលោកមិនចង់ចរចាក្នុងពេលបច្ចុប្បន្ននៅឡើយ៕ប្រែសម្រួល៖ប៉ាង កុង

To Top