ភ្នំពេញ ៖ លោក Park Heung-kyeong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា គម្រោងអភិវ ឌ្ឍវិស័យព្រៃឈើ នឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និង កាត់បន្ថយភាពក្រីក្រ ផងដែរ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោក Park Heung-kyeong បានអំណរគុណចំពោះ រដ្ឋមន្ដ្រីក្រសួ ងកសិកម្ម ដែលបានផ្តល់កិច្ចសការបានយ៉ាង ក្នុងការអនុវត្តគម្រោងនានា ទាក់ទងការអភិវឌ្ឍវិស័យ កសិកម្ម។
លោក មានប្រសាសន៍ថា «ជាក់ស្តែងគម្រោងអភិវឌ្ឍវិស័យព្រៃឈើ ផលិតកម្មដំណាំបន្លែ ការងារស្រាវជ្រាវ ផ្សព្វផ្សាយ ផលិតកម្មពូជ ការនាំចេញ ការងារបណ្តុះបណ្តាលធនធានមនុស្ស ដែលកំពុងអនុវត្តទទួលបានលទ្ធផលជាផ្លែផ្កា ហើយសង្ឃឹមថា គម្រោងនេះនឹងទទួលបានជោគ ជ័យយ៉ាងល្អប្រសើរ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ»។
ឆ្លៀតឱកាសនោះ ទូតកូរ៉េ ប្រចាំកម្ពុជា បញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ដូច្នេះ ក្នុងអាណត្តិរបស់ ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា នឹងបន្តសហការ និងគាំទ្រនូវរាល់សកម្មភាពគម្រោងនានា ដែលបាននិងកំពុងអនុវត្តឲ្យដំណើរការទៅដោយរលូន និងសម្រេចទទួលបានជោគជ័យ និងជាពិសេសពិនិត្យពិចារណាលើគម្រោងថ្មីៗ ដែលជួយដល់ការ អភិវឌ្ឍវិស័យកសិកម្ម។
ចំណែក លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណ ជូនចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានអនុញ្ញាតឲ្យកសិផលកម្ពុជា នាំចេញទៅកាន់ទីផ្សារកូរ៉េចំនួន ១៨ប្រភេទ រួចមកហើយ រួមទាំងស្វាយកែវរមៀតស្រស់ ហើយនៅមាន២មុខទៀត ដែលអគ្គនាយកដ្ឋានកសិកម្មកំពុងដាក់ពាក្យស្នើសុំ។
សូមបញ្ជាក់ថា កសិផលកម្ពុជាទាំង ១៨ប្រភេទ ដែលបាននាំចេញទៅកាន់ទីផ្សារកូរ៉េ រួមមាន៖ គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់ក្រៀម ដំណាប់ស្វាយ ស្វាយស្រស់ ចំណិតផ្លែ ញក្រៀម ម្សៅញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់ផ្លែម្នាស់ ផ្សិតលីងជឺ សណ្តែកផ្កាយ ស្លឹកទៀបបារាំង ម្សៅម្រុំ និងស្លឹកគ្រៃ៕ដោយ អេង ប៊ូ ឆេង