ព័ត៌មានជាតិ

ប្រធានរាជបណ្ឌិត្យសភា ៖ កម្ពុជាចាប់ដៃជាមួយប្រទេសទាំងអស់ ដោយមិនប្រកាន់និន្នាការ

ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា កម្ពុជាបានចាប់ដៃ ជាមួយប្រទេសទាំងអស់ ដោយមិនគិតថា ប្រទេសនោះយ៉ាងណាទេ។

ក្នុងវេទិកាពិភាក្សាតុមូលស្ដីពី “តើកម្ពុជាត្រៀមខ្លួន យ៉ាងដូចម្ដេច សម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក” នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក សុខ ទូចបានថ្លែងថា កម្ពុជា មិនមែនចាប់ដៃតែជាមួយប្រទេសចិន តែមួយនោះទេ គឺកម្ពុជាបានចាប់ដៃ ជាមួយបណ្ដាប្រទេសទាំងអស់ នៅលើសកលលោក។

លោកបន្តថា “យើងចាប់ដៃជាមួយចិន យើងចាប់ដៃជាមួយជប៉ុន យើងចាប់ដៃជាមួយកូរ៉េខាងត្បូង យើងចាប់ដៃជាមួយសហរដ្ឋអាមេរិក យើងអត់គិតថា អ្នកណាយ៉ាងម៉េចទេ”។

លោកសង្កត់ធ្ងន់ថា កម្ពុជាត្រូវរៀបចំខ្លួនឲ្យបានល្អ ដើម្បីទទួលស្វាគមន៍បណ្ដាប្រទេសនានា ដែលចង់ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែមានការរីកចម្រើនទៅមុខ។

ក្នុងឱកាសនោះ ប្រធានរាជបណ្ឌិត្យសភា ក៏បានអំពាវនាវ ដល់មន្រ្តីរាជរដ្ឋាភិបាលឲ្យបន្តសហការគ្នា ចង ជាគ្រួសាររបស់កម្ពុជា ដោយកុំធ្វើជាស្ដេចក្រាញ់ ព្រោះបើធ្វើជាស្ដេចក្រាញ់ មិនអាចអភិវឌ្ឍន៍កម្ពុជា បានឡើយ។

កម្ពុជាត្រូវបានមនុស្សមួយចំនួន ដែលជាអ្នកប្រឆាំងលើកឡើងថា បានលំអៀងទៅរកចិន ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីធ្លាប់បានថ្លែងថា កម្ពុជាចងមិត្តជាមួយបណ្តាប្រទេសនានា ដោយគ្មានយកអ្នកណាជាសត្រូវ៕
ដោយ៖ធី លីថូ

To Top