ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង សុខាភិបាល បានស្នើឲ្យអភិបាលរាជធានី-ខេត្ត ត្រូវចាត់ ចែងកម្លាំងសមត្ថកិច្ចយាមប្រចាំការ និងឃ្លាំមើលសកម្មភាព ពីខាងក្រៅមណ្ឌលចត្តាឡីស័ក ដើម្បីជួយការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមណ្ឌលចត្តាឡីស័ក ទូទាំងប្រទេសឲ្យបានហ្មត់ចត់។
ការស្នើនេះដោយសារកន្លងមក មានស្ត្រីខ្មែរសញ្ជាតិអាមេរិកម្នាក់ទៀត លួចរត់ចេញពីមណ្ឌលចត្តាឡីស័ក នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ហើយ សមត្ថកិច្ចរកឃើញវិញ នៅខេត្តកំពង់ចាម។ បន្ទាប់មកបុរស២នាក់រត់ចេញនៅព្រៃវែង ហើយក្រោយមកទៀត ក៏មានជនជាតិវៀតណាមពីរនាក់ លួចរត់ ចេញពីការធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកព្រះស្តេច ខេត្តព្រៃវែង ទៅកាន់ខេត្តកំពង់ឆ្នាំង ប៉ុន្ដែត្រូវសមត្ថកិច្ចរកឃើញវិញ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ដើម្បីធានាបាននូវការគ្រប់គ្រងប្រជាពលរដ្ឋ និងជនបរទេសដែលកំពុងធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័កកម្រិត១ កម្រិត២ និងនៅតាមសណ្ឋាគារដែលបានកំណត់ដោយក្រុមអន្តរវិស័យមានផ្នែកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចជាដើម ត្រូវតែមានការការពារ។
លោក មានប្រសាសន៍ថា «អភិបាលរាជធានី-ខេត្ត ទាំងអស់ ចាត់ចែងឲ្យមានកម្លាំងសមត្ថកិច្ច ដើម្បីយាមប្រចាំការជាប់ជាប្រចាំ និងឃ្លាំមើលសកម្មភាពពីខាងក្រៅមណ្ឌលចត្តឡីស័ក ជួយការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមណ្ឌលចត្តឡីស័កទាំងអស់ទូទាំងប្រទេស ឲ្យបានហ្មត់ចត់ ជាបំផុត ត្រូវមានការកំណត់ម៉ោងពេលសម្រាប់គ្រួសារ ចូលសួរសុខទុក្ខ អ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានាត្រូវធ្វើតាមរយៈ ទូរស័ព្ទ និងត្រូវការពារឲ្យបានម៉ឺងម៉ាត់ជាទីបំផុត កុំឲ្យអ្នកកំពុងធ្វើចត្តាឡ័ក រត់គេចគេងពីមណ្ឌលចត្តាឡីស័ក មុនកាលកំណត់ជាដាច់ខាត»។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បញ្ជាក់ថា ប្រសិនបើមាន បុគ្គលណា មិនអនុវត្តតាមវិធានការចត្តាឡីស័ក របស់ក្រសួងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន ស្ដីពី វិធានការ សុខាភិបាលទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលជាអន្ដរជាតិនៃជំងឺនៅតាមច្រក ចេញ-ចូល។
សូមរំលឹកថា គិតត្រឹម ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅកម្ពុជារកឃើញ ជំងឺកូវីដ-១៩ ចំនួន២៧៣នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ ចំនួន២៦៥នាក់ និងអ្នកសម្រាកព្យាបាលជំងឺ នៅសល់ ចំនួន០៨នាក់ ប៉ុណ្ណោះ៕
ដោយ ៖ អេង ប៊ូឆេង