ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី អន្តោប្រវេសន៍ថ្មី នៅកម្ពុជា

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក អង្គ វង្ស វឌ្ឍនា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយមានការចូលរួមពីលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។

នាឱកាសនោះ លោក អង្គ វង្ស វឌ្ឍនា បានលើកឡើងថា សេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មី នៃព្រះរាជាណាចក្រកម្ពុជានេះ នាពេលកន្លងមក ក្រុមការងារពាក់ព័ន្ធបានប្រជុំជាបន្តបន្ទាប់ និងរៀបចំជាទិសដៅឡើងវិញ ប៉ុន្តែ នៅមានចំណុចខ្លះមិនទាន់មានការកែសម្រួលបានគ្រប់ជ្រុងជ្រោយនៅឡើយ។

ចំណែក លោក សុខ ផល បានឲ្យដឹងថា ដើម្បីធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មីនេះ ក្រសួងមហាផ្ទៃបានរៀបចំក្រុមការងារមួយ ដើម្បីធ្វើការរួមគ្នាក្នុងការកែលម្អលើច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយយកច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩៩៤ដែលប្រទេសកម្ពុជាយកមកអនុវត្តរហូតមក ធ្វើជាមូលដ្ឋានក្នុងការរៀបចំធ្វើច្បាប់ថ្មីនេះ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងគ្រប់គ្រង និងអនុវត្តចំពោះជនបរទេសទាំងអស់នៅក្នុងព្រះរាជាណាចក្រកកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេស ដែលចូល-ចេញ ឆ្លងកាត់ និងស្នាក់នៅ ក្នុងព្រះរាជណាចក្រកម្ពុជា៕

To Top