ព័ត៌មានជាតិ

អភិបាលរាជធានី អំពាវនាវ ឲ្យរួមគ្នាទប់ស្កាត់ ការធ្វើបដិវត្តន៍ពណ៌ កុំឲ្យសង្គមជាតិ ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ជាលើកទី២

ភ្នំពេញ៖ ក្នុងពិធីសម្ពោ រូបសំណាក់ “ស្ត្រីកំពុងអង្គុយឱបកូន” ក្នុងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ ជើងឯក នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានធ្វើការអំពាវ ដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាទប់ស្កាត់ បដិវត្តន៍ពណ៌ ការបម្រើមនោគមន៍វិទ្យាបរទេស និងប្រឆាំង រាល់ការជ្រៀតជ្រែក ពីសំណាក់កងកម្លាំងអមិត្ត ទាញឲ្យសង្គមជាតិ ធ្លាក់ក្នុងវិបត្តិកលិយុគ ដូចអតីតកាល ៣ឆ្នាំ៨ ខែ និង២០ថ្ងៃទៀតទេ បើទោះបីក្នុងតម្លៃណាក៏ដោយ ។

លោក ឃួង ស្រេង បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា និយាយដោយឡែក នៅរាជធានីភ្នំពេញ ក្នុងពេលអតីតកាល នៃរបបប៉ុលពត គឺបានធ្វើឲ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងខ្មោច ប្រជាពលរដ្ឋ ត្រូវបានជម្លៀស ទៅកាន់ជនបទគ្មានសល់ បញ្ញាវ័ន្ត ត្រូវបានសម្លាប់រង្គាល ប្រជាជនអត់អាហារ ស្គមស្គាំង មានតែស្បែកនិងឆ្អឹង សកម្មភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម គ្រប់ប្រភេទ ត្រូវបានលុបបំបាត់ និងមានសង្គ្រាមឈ្លប នឹងចលនាឧទ្ទាម ពាសពេញប្រទេស ហើយហេដ្ឋា រចនាសម្ព័ន្ធនានា ត្រូវបានបំភ្លេចបំផ្លាញ ដល់ចំណុចសូន្យ ។

ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវ ឲ្យបងប្អូនជនរួមជាតិទាំងអស់ រក្សាឲ្យបានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ធ្វើយ៉ាងណា កុំឲ្យរបបប្រល័យ ពូជសាសន៍ វិលមកជាលើកទីពីរ ម្ដងទៀត ។ ដូច្នេះយើងត្រូវតែចុងចាំ គ្មានថ្ងៃបំភ្លេច នឹងត្រូវផ្សព្វផ្សាយ ដល់មនុស្សជំនាន់ក្រោយ ឲ្យបានយល់ដឹង កុំឲ្យរបបព្រៃផ្សៃនេះ វិលត្រឡប់មកលើ សង្គមជាតិយើង ជាលើកទី២ ទៀតឲ្យសោះ។

រូបសំណាក់ “ស្ត្រីកំពុងអង្គុយឱបកូន” គឺជាទិដ្ឋភាពពិត ដែលបង្ហាញឲ្យឃើញ ពីទុក្ខវេទនា របស់ប្រជាពលរដ្ឋកម្ពុជា និងជាព្រឹត្តិការណ៍ មិនអាចបំភ្លេចបាន ដែលជាហេតុនាំឲ្យ មានការផ្តួចផ្តើមគំនិត កសាងរូបសំណាក់នេះឡើង ដើម្បីរំលឹកឡើងវិញ នូវសច្ចធម៌ប្រវត្តិសាស្ត្រ នៃជីវិតរស់នៅ របស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងរបបប្រល័យ ពូជសាសន៍ប៉ុលពត ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលត្រូវព្រាត់ប្រាស់ ក្រុមគ្រួសារ ប្រពន្ធព្រាត់ប្ដី ប្ដីព្រាត់កូន ហើយក៏មិនដឹងថា ត្រូវព្រាត់ស្លាប់ ឬព្រាត់រស់ ឯអ្នកនៅរស់ក៏រង់ចាំ តែពេលត្រូវបានគេយក ទៅសម្លាប់ប៉ុណ្ណោះ ពោលគឺជីវិត មានតែក្តីអស់សង្ឃឹម និងភាពភ័យរន្ធត់ គ្រប់ពេលវេលា ។

លោកស្រី រស់ សុភារ៉ាវី ប្រធានមជ្ឍមណ្ឌល ប្រល័យពូជសាសន៍ ជើងឯកបានមានប្រសាសន៍ លើកឡើងផងដែរថា រូបសំណាកស្ត្រីអង្គុយ ឱបកូន ក្នុងស្ថានភាពភ័យរន្ធត់ និងអស់សង្ឃឹម ក្នុងឆាកជីវិត ធ្វើឡើង អំពីស្ពាន់ មានកម្ពស់២ម៉ែត្រ មានខឿនពីរថ្នាក់ កម្ពស់ ១,២២ម៉ែត្រ ថ្នាក់ទី១ កំពស់១,៨៦ម៉ែត្រ បណ្ដោយ ៤,២០ម៉ែត្រ កំរាលផ្ទៃខាងលើ៩ម៉ែត្រការ៉េ និងស៊ុបូកថ្មលាងពណ៌ប្រផេះ បិតម៉ាបពណ៌ខ្មៅ នៅជញ្ជាំងទាំងបួនទិស ដោយមានចារិកអក្សរ ជាភាសាខ្មែរ និងអង់គ្លេស ដែលមានខ្លឹមសារ ស្ដីពីការចងចាំ គ្មានថ្ងៃភ្លេច នូវរបបកម្ពុជា ប្រជាធិបតេយ្យ ១៧ខែ ០៤ឆ្នាំ ១៩៧៥ ថ្ងៃ០៦ខែ ០១ឆ្នាំ១៩៧៩ ។ ថ្នាក់ទី២ កម្ពស់០,៣៦០ ម៉ែត្រ បណ្ដោយ ៤,២ម៉ែត្រ ផ្ទៃ កម្រាលថ្មម៉ាបពណ៌ប្រផេះខ្មៅ។ រូបសំណាកនេះ មានកំពស់ សរុប៣,២២ម៉ែត្រ និងបានប្រើប្រាស់ រយៈពេលនៃការសាងសង់ ចំនួន ០៦ខែ៕

To Top