ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា រដ្ឋាភិបាល ចិនបើកផ្លូវឲ្យក្រុមហ៊ុនចិន មកវិនិយោគវិស័យកសិកម្មនៅកម្ពុជា គឺជួយអភិវឌ្ឍ វិស័យកសិកម្ម កាន់តែ រីកចម្រើនបន្ថែមទៀត ទាំងពេលបច្ចុប្បន្ន និងអនាគត ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងកសិកម្ម ។
ក្នុងពិធីប្រគល់-ទទួលគ្រឿងយន្តកសិកម្ម ដែលជាអំណោយរបស់ក្រុមហ៊ុន Zoomlion Heavy Industry and Technology Co., Ltd ប្រគល់ជូនក្រសួងកសិកម្ម នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០លោក វេង សាខុន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែជំរុញ យ៉ាងសកម្មចលនាបង្កបង្កើនផល ដើម្បីធានាសុវត្ថិភាពស្បៀងសម្រាប់គ្រួសារ និងសម្រាប់សង្គម។
លោកមានប្រសាសន៍ថា «សូមថ្លែងអំណរគុណជូន ចំពោះរដ្ឋាភិបាលចិន ដែលបានជួយជំរុញ និងបើកផ្លូវឲ្យក្រុមហ៊ុនចិនធំៗ មកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលការវិនិយោគនេះ ជាផ្នែកមួយយ៉ាង សំខាន់ដល់ការអភិវឌ្ឍវិស័យនេះ ឲ្យរីកចម្រើនទាំងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត» ៕ ដោយ៖ អេង ប៊ូឆេង