ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម សម្រេច បង្កើតក្រុមការងារដោះស្រាយ បញ្ហារបស់អាជីវករ នៅផ្សារព្រែកដំបូក អោយបានជោគជ័យ រយ:ពេល៣០ថ្ងៃ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា និងលោក លូ គឹមឈុន ប្រធានក្រុមការងារចុះជួយស្រុកកោះសូទិន រួមជាមួយនឹងមន្ត្រីពាក់ព័ន្ធនៅព្រឹកថ្ងៃទី ០៣ ខែកញ្ញាឆ្នាំ ២០២០នេះបានចុះរៀបចំវេទិកាសាធារណៈ ដើម្បីស្វែងរកដំណោះស្រាយជូនអាជីវករផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

បើតាមមេឃុំព្រែកដំបូកលោក ផល វ៉ុន បានឲ្យដឹងថា ក្រោយពេលអាជ្ញាធរស្រុកបានរៀបចំទីតាំងលក់ដូរថ្មី កែលំអរសណ្តាប់ធ្នាប់ផ្សារព្រែកដំបូកឡើងវិញប្រមាណជា២ខែកន្លងទៅនេះ ឃើញថាបញ្ហាចម្រូងចម្រាស់ លើបញ្ហាទីតាំងលក់ដូររបស់អាជីវករប្រមាណជាជាង ១០០នាក់ មានភាពចម្រូងចម្រាស់ រហូតដល់បច្ចុប្បន្ន ។ដែលក្នុងនោះមានអាជីវករមួយចំនួនឯកភាពទទួលយកទីតាំងថ្មី និងអាជីវករមួយចំនួនទៀតមិនព្រមទទួលយកទីតាំងថ្មី ។

ទាក់ទងទៅនឹងបញ្ហាខាងលើនេះដែរ ក្រោយពីបានបស្ដាប់មតិ របស់ក្រុមអាជីវករ លោក អ៊ិន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានសន្មត់ថា បញ្ហានេះមិនអាចដោះស្រាយជាបញ្ចប់ភ្លាមៗបានទេ ។

លោកបន្តថា ដើម្បីធ្វើការដោះស្រាយបញ្ហានេះឲ្យបានជោគជ័យតាមនយោបាយឈ្នះឈ្នះ លោកបានសម្រេចដកហូតតូបចំនួន២៥ ដែលនៅសល់ប្រគល់ឲ្យប្រធានគណៈអាជីវករផ្សារ គ្រប់គ្រងដើម្បីទុកប្រើប្រាស់ជាប្រយោជន៍ផ្សារព្រែកដំបូក។ និងបង្កើតក្រុមការងារចម្រុះរបស់ខេត្ត១ ដោយចាត់តាំងអភិបាលរងខេត្ត ដឹកនាំក្រុមការងារដើម្បីដោះស្រាយបញ្ហានេះឲ្យបានជោគជ័យក្នុងរយៈពេល ៣០ ថ្ងៃ ៕

To Top