ព័ត៌មានអន្តរជាតិ

ក្រិកនិងតួកគី ព្រមព្រៀងគ្នាពិភាក្សាជុំវិញ បញ្ហាសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត

បរទេស ៖ ជាផ្នែកនៃកិច្ចប្រឹងប្រែង រំសាយជម្លោះដ៏អាក្រក់ជុំវិញ បញ្ហាធនធានថាមពលនៅក្នុងតំបន់នោះ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អគ្គលេខាធិការអង្គការ សម្ពន្ធមិត្តណាតូ លោក Jens Stoltenberg បានមានប្រសាសន៍ថា ប្រទេសក្រិកនិងប្រទេសតួកគី នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នា ធ្វើកិច្ចពិភាក្សាដើម្បីចៀស វាងការប៉ះទង្គិចគ្នាដោយចៃដន្យ នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកអគ្គលេខាធិការអង្គការណាតូ បានថ្លែងយ៉ាងដូច្នេះថា “ក្រោយការពិភាក្សាគ្នារបស់ខ្ញុំជាមួយមេដឹកនាំ ក្រិកនិងតួកគីរួចមក ប្រទេសសម្ពន្ធមិត្តទាំងពីរ បានយល់ព្រមចូល ក្នុងកិច្ចពិភាក្សា បច្ចេកទេស នៅអង្គការណាតូ ដើម្បីបង្កើតយន្តការមិនឲ្យមានជម្លោះយោធា កាត់បន្ថយហានិភ័យ នៃឧប្បត្តិហេតុនិងឧប្បទ្ទវហេតុ នៅសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត” ។

គួរបញ្ជាក់ថា ប្រទេសតួកគី និងប្រទេសក្រិក ដែលទាំងពីរសុទ្ធតែជាសមាជិកអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូនោះ បានខ្វែងគំនិតគ្នាយ៉ាងខ្លាំង ជុំវិញការអះអាងកម្មសិទ្ធិ លើធនធានឧស្ម័នធម្មជាតិ នៅក្នុងសមុទ្រមេឌីទែរ៉ានេភាគខាងកើត និងបណ្ដោយដី ចំណែកទ្វីបរបស់ពួកគេ៕
ប្រែសម្រួល៖ប៉ាង កុង

To Top