បរទេស ៖ អគ្គមេបញ្ជាការ កងទ័ពឥណ្ឌា លោក Manoj Mukund Naravane បាននិយាយ នៅថ្ងៃសុក្រនេះថា លោកមានទំនុកចិត្តថា ជម្លោះព្រំដែន ដែលកំពុងតែកើតមាន ជាមួយប្រទេសចិន នៅតំបន់ជួរភ្នំហិមាល័យ ភាគខាងលិច អាចនឹងត្រូវដោះស្រាយបាន តាមរយៈការពិភាក្សាគ្នា ។
នៅក្នុងអំឡុងដំណើរទស្សនកិច្ចនៅតំបន់ Ladakh ជាទីដែលកងទ័ពមកពីប្រទេស មានអាវុធនុយក្លេអ៊ែទាំងពីរ មានការប្រឈមមុខដាក់គ្នា អស់រយៈកាលជាច្រើនខែនោះ លោក Manoj Mukund Naravane បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI យ៉ាងដូច្នេះថា “យើងប្រាកដចិត្តថា បញ្ហានឹងអាចដោះស្រាយបានទាំងស្រុង តាមរយៈកិច្ចពិភាក្សាគ្នា” ។
ដោយពោលសំដៅដល់បន្ទាត់តំបន់គ្រប់គ្រង ដែលជាព្រំដែនស្ថិតនៅខាង ដែលប្រទេសឥណ្ឌា ដាក់ពង្រាយកងទ័ពបន្ថែម ដើម្បីទប់ទល់ការប៉ុនប៉ងឈ្លានពានណាមួយពីប្រទេសចិននោះ លោកអគ្គមេបញ្ជាការកងទ័ព ឥណ្ឌារូបនេះ បានថ្លែងដូច្នេះទៀតថា “ស្ថានភាពនៅតាមតំបន់ខ្សែបន្ទាត់ LAC គឺមានភាពតានតឹង តិចតួចប៉ុណ្ណោះ” ៕ ប្រែសម្រួល៖ប៉ាង កុង