ភ្នំពេញ ៖ អនុប្រធាន គណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន លោកស្រី កុយ ពិសី បានអះអាងថា គ្រប់ចំលើយរបស់ប្រជាពលរដ្ឋ នៅភូមិត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ គឺថា គ្មានបាត់ដីត្រង់ចំណុចណាមួយ ទៅភាគីវៀតណាមទេ។
ការថ្លែងរបស់លោកស្រីនេះ ក្នុងឱកាសរួមដំណើរជាមួយលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការ ព្រំដែន និងជាប្រធានគណៈ កម្មាធិការចម្រុះ កិច្ចការព្រំដែន ចុះទៅជួបពលរដ្ឋ នៅភូមិត្រពាំងថ្លុង នៅទីតាំងបង្គោលព្រំដែន លេខ១១៧ នៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចង់បញ្ជាក់ឲ្យច្បាស់ អំពីការបោះបង្គោលព្រំដែន រួចនៅតំបន់នោះ មានបាត់ដីទៅវៀតណាមដូចការ លើកឡើងរបស់ជនអគតិដែរ? នេះបើតាមការបង្ហាញ ក្នុងហ្វេសប៊ុកលោកស្រី កុយ ពិសី ។
លោកស្រីគូសបញ្ជាក់យ៉ាងច្បាស់ថា “គ្រប់ចំលើយ សុទ្ធតែឆ្លើយថា អត់មានបាត់ដីទៅវៀតណាមទេ ។ អ្វីដែលគាត់ចូលរួមជា មួយពួកអគតិកន្លងទៅ ដោយ សារពួកគេបានសន្យាថា នឹងជួយតវ៉ាសុំដីដែលកម្ពុជា ទទួលបានបន្ទាប់ពីការបញ្ចប់ការងារ ខណ្ឌសីមានិងបោះបង្គោលព្រំដែននៅតំបន់នោះ ឲ្យពួកគាត់បានអាស្រ័យផល ទៅថ្ងៃមុខតែប៉ុណ្ណោះ”។
លោកស្រីថា ដូច្នេះការពិតត្រូវ បានលាតត្រដាងបន្ថែម ទៀតហើយ។
កាលពីថ្ងៃ២៥ សីហា ក្នុងកិច្ចប្រជុំបូកសរុបការងារ ឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាឲ្យលោក វ៉ា គឹមហុង ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការ បោះបង្គោលព្រំដែន។
សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានប្រគល់ទទួលផែនទីឋានលេខាព្រំដែនគោកកម្ពុជា-វៀតណាម ខ្នាត១/២៥០០០ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធជាង៣០ ដើម្បីយកទៅប្រើប្រាស់ ក្រោយពីកម្ពុជាទទួលផែនទីព្រំដែន កម្ពុជា-វៀតណាម កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ។
ការទទួលនេះ ក្រោមការដឹកនាំដោយ លោក វ៉ា គឹម ហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជា ប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះ បង្គោលព្រំដែនគោកកម្ពុជា និងគណៈប្រតិភូវៀត ណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគ ណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក វៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ។
សូមបញ្ជាក់ថា កម្ពុជា-វៀតណាម មានព្រំដែនគោក រួមគ្នាប្រវែង ១២៧០គីឡូម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរបានបោះបង្គោលព្រំដែន សម្រេចបាន ៨៤% នៃខ្សែព្រំដែនរួម ខណៈនៅសល់ ១៦% ទៀតកំពុងដោះស្រាយ ៕ ដោយ អេង ប៊ូឆេង