ព័ត៌មានអន្តរជាតិ

រុស្ស៊ី ជ្រើសរើសកូរ៉េខាងត្បូង ជាកន្លែងផលិតវ៉ាក់សាំង ការពារមេរោគកូវីដ ១៩ របស់ខ្លួន សម្រាប់ទីផ្សារអាស៊ី

បរទេស៖ ប្រទេសរុស្ស៊ីបានជ្រើសរើស ប្រទេសកូរ៉េខាងត្បូង ជាកន្លែងផលិតវ៉ាក់សាំង ការពារមេរោគកូវីដ ១៩ របស់ខ្លួនសម្រាប់ទីផ្សារអាស៊ី។ នេះបើយោងតាមប្រធាន មូលនិធិទ្រព្យសម្បត្តិ អធិបតេយ្យភាពធំបំផុត របស់ពិភពលោក។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នាយកប្រតិបត្តិមូលនិធិវិនិយោគផ្ទាល់ របស់សហព័ន្ធរុស្ស៊ី (RDIF) លោក Kirill Dmitriev បានប្រាប់កាសែត The Korea Times នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា ប្រទេស របស់លោកបានចាប់ផ្តើមនីតិវិធី ដើម្បីផ្គត់ផ្គង់ដល់ប្រទេសកូរ៉េខាងត្បូង នូវវ៉ាក់សាំងដែលត្រូវបានចុះបញ្ជីដំបូង ក្នុងពិភពលោកប្រឆាំងនឹងមេរោគនេះ ។

លោកថា “ កូរ៉េខាងត្បូងអាចជាដៃគូដ៏អស្ចារ្យក្នុងការផលិតឱសថ Sputnik V” ។

លោកថា «យើងកំពុងពិភាក្សាជាមួយក្រុមហ៊ុនឱសថធំ ៗ ពីររបស់កូរ៉េ ដែលមានសមត្ថភាពផលិត ដើម្បីផលិតវ៉ាក់សាំងនៅកូរ៉េខាងត្បូង និងមានសក្តានុពល ក្នុងការផ្គត់ផ្គង់ មិនត្រឹមតែនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំចេញ ទៅកាន់ប្រទេសដទៃទៀត នៅអាស៊ីផងដែរ» ៕
ប្រែសម្រួលៈ ណៃ តុលា

To Top