ភ្នំពេញ ៖ ក្នុងឱកាសបើកដំណើរការសាលារៀនឡើងវិញ នៅដំណាក់កាលទី២ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យ គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ត្រូវបន្ដប្រកាន់ភ្ជាប់ការអនុវត្តន៍វិធានការណ៍សុវត្ថិភាព និងសុខភាព ដើម្បីចៀសវាងការចម្លងជំងឺកូវីដ-១៩។
តាមរយៈវិដេអូរបស់លោក ហង់ជួន ណារ៉ុន ជាង៤នាទី បង្ហោះនៅក្នុងគេហទំព័រហ្វេសប៊ុកក្រសួងនារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ លោកបានអរគុណដល់ លោកគ្រូ-អ្នកគ្រូ គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សារដ្ឋ និងឯកជនទាំងអស់ដែលបានចូលរួមជាមួយប្រមុខរាជ រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឲ្យធានាបាននូវសុវត្ថិភាព ដល់សិស្សានុសិស្ស បុគ្គលិកអប់រំ មាតាបិតា ជាដើម។
លោក មានប្រសាសន៍ថា «សូមឲ្យលោកគ្រូ-អ្នកគ្រូ បន្តគោរពអនុវត្ត ទៅតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងការធានាស្តង់ដាសុវត្ថិភាព អនាម័យ។ ជាពិសេស បន្តបង្ហាត់បង្រៀនសិស្សឲ្យលាងដៃ ឲ្យបានញឹកញាប់ ហើយអនុវត្តទៅតាមការណែនាំរាជរដ្ឋាភិបាល នៅក្នុងការកាត់បន្ថយការជួបជុំទ្រុងទ្រាយធំ»។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ សាលា រៀនត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយ សុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាព យ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឲ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ ព្រមទាំងកាត់បន្ថយការប្រមូលផ្ដុំជាដើម។
ដោយឡែកឆ្នាំសិក្សា ២០២០-២០២១ នឹងត្រូវអនុវត្ត ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តទៅ៕ ដោយ ៖ អេង ប៊ូឆេង