ភ្នំពេញ ៖ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ «វេនបិណ្ឌទី៧» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ហើយក៏ជាពេលវេ លាមួយ សម្រាប់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ មានឱកាសធ្វើបុណ្យទាន ជាពិសេស ជួបជុំសាច់ញាតិ នៅតាមទីវត្តអារាមនានា។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ថា «ថ្ងៃទី៩ កញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក ។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធ បរិស័ទមាន ឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា»។
សម្ដេចតេជោ បន្ដថា ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។
ដើម្បីឲ្យពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រព្រឹត្តិទៅដោយរលូន សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ ឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ និងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។
ជាងនេះទៅទៀត សម្ដេចតេជោ បានលើកឡើងថា «សូមបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការ ឆ្លងរីករាលដាលជំងឺ កូវីដ-១៩ ដោយឧស្សាហ៍ដុសលាង សម្អាតដៃជាមួយ សាប៊ូ ចឹល ទឹកអាល់កុល នឹងពាក់ម៉ាស ក្នុងពេលចូលរួមពិធី ដែលមានអ្នកចូលរួមច្រើន ដូចជា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម ។ កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩ ឲ្យសោះ ព្រោះជាជំងឺឆ្លងរាតត្បាត សាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ»៕

