ព័ត៌មានអន្តរជាតិ

ចិន៖អ្នកកាសែតអូស្ត្រាលី ជាប់សង្ស័យពីបទបង្ក គ្រោះដល់សន្តិសុខ

បរទេស ៖ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន បាននិយាយប្រាប់សន្និសីទប្រចាំថ្ងៃមួយ នៅថ្ងៃអង្គារនេះថា អ្នកកាសែតជនជាតិអូស្ត្រាលី ដែលធ្វើការឲ្យទូរទស្សន៍រដ្ឋចិន មួយរូប ដែលត្រូវចាប់ឃុំខ្លួន កាលពីខែមុន បានជាប់សង្ស័យពីបទធ្វើសកម្មភាពខុសច្បាប់ ដែលបង្កគ្រោះដល់សន្តិសុខប្រទេស។

លោក Zhao Lijian ជាមន្ត្រីនាំពាក្យក្រសួង បាននិយាយយ៉ាងដូច្នេះថា “លោកស្រី Cheng Lei ដែលជាជនជាតិ អូស្ត្រាលី ត្រូវជាប់សង្ស័យ ពីបទធ្វើសកម្មភាពឧក្រិដ្ឋ បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ របស់ប្រទេសចិន ហើយវិធានការចាំបាច់ តាមផ្លូវច្បាប់ គឺត្រូវបានធ្វើឡើង និងការស៊ើបអង្កេត កំពុងត្រូវអាជ្ញាធរពាក់ព័ន្ធធ្វើ” ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារនេះ អ្នកសារព័ត៌មានជនជាតិអូស្ត្រាលីចំនួនពីររូប បានវិលត្រឡប់ទៅប្រទេសវិញ បន្ទាប់ពីត្រូវបង្ខំឲ្យប្រញាប់ ចេញពីប្រទេសចិន ដើម្បីសុវត្ថិភាពខ្លួនផ្ទាល់ ក្រោយពួកគេត្រូវហាម មិនឲ្យចាកចេញពីចិន រហូតដល់ពួកគេឆ្លើយនឹង សំនួរស្តីពីលោកស្រី Cheng Lei ៕
ប្រែសម្រួល៖ប៉ាង កុង

To Top