ភ្នំពេញ៖ក្រុមការងារចល័តរបស់ ក្រសួងសាធារណការ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំដោយ លោកគឹម សាន់ សហការការជាមួយ លោកឌុច គន្ធា អភិបាលរងខេត្ត អភិបាលស្រុកបាភ្នំ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង និងប្រធានស្ថានីយអ្នកលឿង បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើផ្លូវជាតិលេខ ៣១១ ស្រុកបាភ្នំ ខេត្តព្រៃវែង។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថាក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារត្រួតពិនិត្យរថយន្តដឹកខ្សាច់ ថ្ម និងក្បឿង ចំនួន១៩គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ១៥គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ០៦តោន ដល់ ២១តោន។ ចំពោះរថយន្តដែលបានដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី ២០តោនឡើងទៅ នឹងត្រូវពិន័យ និងរក្សារថយន្តទុកចាប់ពី ៣ខែ រហូតដល់ ១ឆ្នាំ ដែលអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រាទី៦០។
ក្នុងកិច្ចប្រតិបត្តិការនេះថ្នាក់ដឹកនាំក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឲ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្ក មហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។
កិច្ចប្រតិបត្តិការនេះបានបញ្ចប់នៅវេលាម៉ោង៣ល្ងាច និងបន្តនីតិវិធីពិន័យគ្រោងនឹងបញ្ចប់នៅម៉ោង៦ល្ងាច នៅថ្ងៃដដែល ៕