ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែង ថា ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន គឺជាកម្លាំងចលករ សម្រាប់លើកកម្ពស់វិស័យភស្តុភារកម្ម ដែលអាចប្រកួតប្រជែង ជាមួយប្រទេសក្នុងតំបន់។
ក្នុងពិធីចុះហត្ថលេខា លើកំណត់ហេតុ នៃកិច្ចប្រជុំរវាងក្រសួង សាធារណការ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ស្តីពីកិច្ចសហប្រតិបត្តិការ បច្ចេកទេសសម្រាប់គម្រោងធ្វើឲ្យប្រសើរឡើង ប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា (ដំណាក់កាលទី២) ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា «ការធ្វើទំនើបកម្មហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូនទាំងផ្នែករឹង និងផ្នែកទន់ និងការធ្វើឲ្យ ប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិ ក៏ដូចជា ការបើកច្រកទ្វារអន្តរជាតិថ្មីជាមួយប្រទេសជិតខាង គឺជា កម្លាំងចលករលើកកម្ពស់ វិស័យភស្តុភារកម្ម ដែលអាចប្រកួតប្រជែង បានជាមួយប្រទេសក្នុងតំបន់»។
ជាមួយគ្នានោះ រដ្ឋមន្ដ្រីសាធារណការ ក៏បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាព ច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀង ដោយកម្ពុជា បានស្នើភាគីថៃ ដាក់ឲ្យដំណើរការបណ្ដោះអាសន្ន ពោល គឺបើកឲ្យរថយន្តដឹកទំនិញ (កុងតឺន័រ) ចេញចូលតាមច្រកស្ទឹងបត់ ចំណែកការបំពេញបែបបទ ឯកសារត្រូវធ្វើនៅច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត។
លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីកត្តាផ្សេងៗ ដែលចាំបាច់សម្រាប់ទ្រទ្រង់គម្រោងនេះ រួមមាន ៖ បទដ្ឋានគតិយុត្តិ ប្រភពហិរញ្ញប្បទាន និងការចូលរួមពីវិស័យឯកជន ព្រមទាំង ការបង្កើតនូវមជ្ឈមណ្ឌល ទិន្នន័យភស្តុភារកម្ម ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា ដើម្បីជួយសម្រួលដល់ដំណើរការឯកសារផងដែរ។
ឆ្លៀតឱកាសនោះដែរ តំណាងទីភ្នាក់ងារសហប្រតិបត្តិ អន្តរជាតិជប៉ុន បានបង្ហាញការគាំទ្រលើ គម្រោងធ្វើឲ្យ ប្រសើរឡើង វិស័យភស្តុភារកម្ម និងដឹកជញ្ជូន ជាពិសេស ការធ្វើឲ្យប្រសើរឡើងច្រកទ្វារ ព្រំដែន អន្តរជាតិនានា ជាមួយប្រទេសជិតខាង ដើម្បីលើកកម្ពស់ឧត្ដមប្រយោជន៍ សេដ្ឋកិច្ចជាតិ៕
ដោយ ៖ អេង ប៊ូឆេង