ព័ត៌មានជាតិ

អេសស៊ីជី បរិច្ចាគ​សម្ភារៈសាងសង់ តម្លៃជាច្រើន​ពាន់ដុល្លារ​ ដល់​វិទ្យាស្ថាន​បច្ចេកវិទ្យាកំពង់ស្ពឺ

ភ្នំពេញ៖ ក្រុមហ៊ុន​ អេសស៊ីជី កាលពីថ្ងៃទី១០ ខែកញ្ញា បាន​ផ្ដល់​​សម្ភារៈ​សាងសង់​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​ជាច្រើន​ពាន់ដុល្លារ​អាមេរិក ទៅ​ឲ្យ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ជាផ្នែកមួយ​នៃ​កម្មវិធី​ទំនួលខុសត្រូវ​សង្គម​របស់ក្រុមហ៊ុន ជួយទ្រទ្រង់ដល់​ការងារ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៅកម្ពុជា ។

លោក ចៃផេត ចាន់តារាវង្ស តំណាង​នាយក​ក្រុមហ៊ុន អេសស៊ីជី នៅកម្ពុជា បាន​ឲ្យ​ដឹងថា ការ​បរិច្ចាគ​សម្ភារ​ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធីរបស់​ អេសស៊ីជី សម្រាប់​ទ្រទ្រង់ដល់​ការអភិវឌ្ឍធនធាន​មនុស្ស​នៅ​កម្ពុជា ។ ​ហើយ​ជារៀងរាល់ឆ្នាំ អេសស៊ីជី ផ្ដល់​អាហាររូបករណ៍​ជាច្រើន​រយកន្លែង ដល់​សិស្ស​វិទ្យាល័យ​ និង​និស្សិត​នៅប្រទេស​កម្ពុជា ។

លោក ចៃផេត ចាន់តារាវង្ស ថ្លែង​យ៉ាងដូច្នេះថា “ក្រៅពីធ្វើ​មុខ​ជំនួញរកស៊ី អេសស៊ីជី​ ក៏ផ្ដល់​ទៅ​ឲ្យ​វិញ ដល់​សហគមន៍​មូលដ្ឋាន​ ផងដែរ តាមរយៈ​កម្មវិធី​ទំនួលខុសត្រូវសង្គមជាច្រើនរបស់​យើង ។”

នៅឯពិធី​ប្រគល់និងទទួល​សម្ភារ​អំណោយ ​ដែលរួមមាន ស៊ីម៉ងតិ៍​ខេ-ស៊ីមិន ក្បឿង​អេសស៊ីជី ទុយោអេសស៊ីជី និង​សម្ភារៈបន្ទប់ទឹកកូតូ លោកវរសេនីយ៍ត្រី ភិស្នុ សារៈធី ជំនួយ​ការទូត​ទាហាន​ជើងគោកប្រទេសថៃ និង​​​ជា​តំណាង​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន អេសស៊ីជី សម្រាប់​ការបរិច្ចាគ​នេះ ។

លោកវរសេនីយ៍ត្រី ភិស្នុ សារៈធី ថ្លែង​ថា “យើង​នឹង​ប្រើប្រាស់​សម្ភារ​សំណង់​ទាំងនេះ​សម្រាប់​យកទៅ​សាងសង់​ទីកន្លែង​នានា ដើម្បី​ជាប្រយោជន៍​នៅ​ក្នុង​វិទ្យាស្ថាន​នេះ ។”

គួរ​បញ្ជាក់ថា វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ គឺជា​ព្រះ​អំណោយ​របស់​ព្រះអង្គម្ចាស់ក្សត្រីយ៍​ មហាចក្រី សិរិនថន នៃ​ព្រះរាជាណាចក្រ​ថៃ ជូនដល់​ប្រទេស​កម្ពុជា ។ វិទ្យាស្ថាន​នេះ ​ស្ថិត​ក្រោម​​ការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន​ និងកីឡា ស្ថិតនៅក្នុងភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ចាប់តាំងពីឆ្នាំ២០១៤ មក ក្រុមហ៊ុន អេសស៊ីជី តាមរយៈ​កម្មវិធី​គាំទ្រ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា បាន​ផ្ដល់​អាហារូបករណ៍សរុបច្រើនជាង ១៣០០នាក់ ដល់​សិស្ស​ថ្នាក់​វិទ្យាល័យ និងសិស្ស​ថ្នាក់​មហា​វិទ្យាល័យ​ មកពី​ផ្នែកផ្សេងៗគ្នា​នៃ​ប្រទេស​កម្ពុជា ។ អាហារូបករណ៍ទាំងនេះ បាន​ផ្ដល់​លទ្ធភាព​ដល់​សិស្ស​និស្សិត​​កម្ពុជា​សម្រេច​ក្ដីសុបិន​នៃ​ការអប់រំ​សម្រាប់​អនាគត​របស់​ពួកគេ ។

ក្រៅពី​ការជួយគាំទ្រ​ដល់​ផ្នែកអប់រំ​នៅ​កម្ពុជា កន្លងមក អេសស៊ីជី ក៏បាន​ជួយ​គាំទ្រ​ដល់​ផ្នែក​ថែទាំ​សុខភាព​នៅ​ប្រទេស​នេះ​ផងដែរ ជាពិសេស ក្នុងអំឡុងពេល​វិបត្តិជំងឺរាតត្បាត​កូវីដ១៩ នេះ ។

កាលពីខែ​មេសា អេសស៊ីជី បាន​ប្រគល់​ប្រអប់របាំង​សុវត្ថិភាពវេជ្ជសាស្ត្រ​ចំនួន ៥០ប្រអប់ ដល់​ក្រសួង​សុខាភិបាល ដើម្បី​ជួយ​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ទន្ទឹម​នឹង​នេះដែរ ក្រុមហ៊ុន​បានចែក​ជូន​ម៉ាស និង​ទឹក​អាល់កុល​លាង​សម្អាតដៃ ដល់​អតិថិជន​របស់​ខ្លួន​ នគរបាល អ្នក​រត់ម៉ូតូឌុប​ និងកង់បី ដោយ​រួម​ចំណែក​ ដល់​ការងារ​បង្ការ​ការ​ឆ្លងវីរុសកូវីដ១៩ ៕

ដោយៈ សយ សុធីតា

To Top