ព័ត៌មានអន្តរជាតិ

អត្រា នៃអ្នកសម្លាប់ខ្លួន នៅថៃកើនឡើង អំឡុងពេលវិបត្តិនៃជំងឺកូវីដ១៩

បរទេស៖ ការកើនឡើងនៃអត្រាធ្វើអត្តឃាតនៅប្រទេសថៃ បានធ្វើឱ្យមានក្តីបារម្ភ ក្នុងចំណោមក្រុមមន្រ្តីសុខាភិបាល ខណៈដែលពួកគេដឹងច្បាស់ថាការកើនឡើងនេះទាក់ទងនឹងការផ្ទុះឡើងនៃវីរុសកូវីដ១៩ ដែលធ្វើអោយជីវិតពោរពេញទៅដោយភាពតានតឹង (Stress)។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា តួលេខរបស់នាយកដ្ឋានសុខភាពផ្លូវចិត្តដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍បានបង្ហាញថា មនុស្ស ២ ៥៥១ នាក់បានសម្លាប់ខ្លួននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ គឺកើនឡើង ២២ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានករណីចំនួន ២ ០៩២ បានកើតឡើង។

បញ្ហាផ្ទាល់ខ្លួន ការធ្លាក់ទឹកចិត្ត សម្ពាធសេដ្ឋកិច្ច និងគ្រឿងស្រវឹង គឺជាហេតុផលដែលនាំឱ្យមនុស្សឈានទៅបញ្ចប់ជីវិតខ្លួនឯង។ ការចេញផ្សាយទិន្នន័យនេះបានធ្វើឡើងនៅក្នុងទិវាបង្ការការធ្វើអត្តឃាតពិភពលោក នៅថ្ងៃព្រហស្បតិ៍។

អត្រានៃការធ្វើអត្តឃាតកើនឡើងនៅឆ្នាំនេះបានរំលឹកដល់មន្រ្តីសុខភាពសាធារណៈ អំពីការដួលរលំនៃហិរញ្ញវត្ថុក្នុងឆ្នាំ ១៩៩៧ ដោយសារវាបានធ្វើតាមលំនាំដដែលនេះ។ អត្រាអ្នកដែលធ្វើអត្តឃាតខ្លួនឯង បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ១៩៩៧ បានហក់ឡើងពី ២០% ទៅ ៣០%៕ប្រែសម្រួលៈ ណៃ តុលា

To Top