ភ្នំពេញ៖ ជនសង្ស័យ ដែលបន្លំធ្វើជាបុគ្គលិក ផ្ទះសំណាក់ ចូលយកសោរថយន្ដពីភ្ញៀវ ក្នុងផ្ទះសំណាក់ នៅខេត្តតាកែវ ហើយបើករថយន្តយកទៅបាត់ ត្រូវបានអាវុធហត្ថជំនាញ នៃការិយាល័យស្រាវជ្រាវ បង្រ្កាបបទល្មើសព្រហ្មទណ្ឌអាវុធ ហត្ថរាជធានីភ្នំពេញ រួមជាមួយ អាវុធហត្ថ ខណ្ឌជ្រោយចង្វារ ដូនពេញ និងចំការមន ឃាត់ខ្លួនបាន នៅកោះពេជ្រ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។
សូមបញ្ជាក់ថា ជនសង្ស័យមានល្បិចខ្ពស់ណាស់ ដោយបានបន្លំធ្វើ ដូចជាបុគ្គលិកផ្ទះសំណាក់ ជួយលើកឥវ៉ាន់ ដាក់ចូលបន្ទប់ ហើយបានសុំសោរថយន្ត ពីភ្ញៀវដោយប្រាប់ថា យកទៅរៀបចំទុកដាក់ រថយន្តឲ្យមានសណ្ដាប់ធ្នាប់ បន្ទាប់មកក៏ បំភ័ន្តខាងម្ចាស់ផ្ទះសំណាក់ ធ្វើដូចជាសាច់ញាតិ ម្ចាស់រថយន្ត ហើយក៏លួចយករថយន្ត ជនរងគ្រោះជិះគេចខ្លួនបាត់តែម្ដងទៅ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ថ្មីៗនេះ ត្រង់ចំណុចផ្ទះសំណាក់ «មហារុងរឿង» ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
រថយន្តដែលជនសង្ស័យ បន្លំលួចទៅបាត់ម៉ាក Rivo ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 2BK-4443 របស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ ឆ្នាំ នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលបានមកស្នាក់នៅផ្ទះសំណាក់ខាងលើ ។ បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានដូចខាងលើ ក៏ប្រគល់ជនសង្ស័យ និងរថយន្តជនរងគ្រោះ ឲ្យអាវុធហត្ថខេត្តតាកែវ ចាត់ចែងបន្តតាមនិតិវិធី៕