ព័ត៌មានអន្តរជាតិ

ជនសង្ស័យ ដែលផ្ញើសំបុត្រមានជាតិពុល ricin ទៅឱ្យលោក ដូណាល់ ត្រាំ ត្រូវបានឃុំខ្លួន

បរទេស៖ មន្រ្តីស៊ើបការណ៍សម្ងាត់ បាននិយាយនៅមុននេះថា គេសង្ស័យស្ត្រីជនជាតិកាណាដាម្នាក់ ពីការបញ្ជូនថ្នាំពុល ទៅឱ្យប្រធានាធិបតីលោក ដូណាល់ ត្រាំ បន្ទាប់ពីទិន្នន័យដំបូងបានបង្ហាញថា ការបញ្ជូនសំបុត្រ អាចមានដើមកំណើត នៅប្រទេសកាណាដា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ទូរទស្សន៍ NBC បានផ្សាយកាលពីថ្ងៃអាទិត្យ ដោយដកស្រង់សំដី មន្ត្រីអនុវត្តច្បាប់សហព័ន្ធថា ជនសង្ស័យ ដែលបានផ្ញើស្រោមសំបុត្រ ដែលមានផ្ទុកសារជាតិពុល ricin ទៅសេតវិមាន ត្រូវបានឃាត់ខ្លួន។

ជនសង្ស័យត្រូវបានឃុំខ្លួន ដោយព្យាយាមចូលសហរដ្ឋអាមេរិក ពីកាណាដា ចំណែក ឈ្មោះឬព័ត៌មានផ្សេងទៀត អំពីជនសង្ស័យ មិនទាន់ត្រូវបាន គេចេញផ្សាយនៅឡើយទេ។

ការធ្វើតេស្តចំនួនពីរ បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ស្រោមសំបុត្រ ដែលគួរឱ្យសង្ស័យ បានផ្ញើទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ មានផ្ទុកសារជាតិពុល ricin ដែលជាថ្នាំពុល ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត នៅពេលវារាលដាល ពាសពេញលើរាងកាយ និងដែលគ្មានថ្នាំបន្សាបឡើយ មកដល់ពេលនេះ។

កញ្ចប់នេះ ត្រូវបានស្ទាក់យក ដោយមន្រ្តីអនុវត្តច្បាប់ នៅឯកន្លែងផ្ញើ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក មុនពេលវា ទៅដល់គោលដៅចុងក្រោយ បន្ទាប់ពីនោះភ្នាក់ងារ FBI, ភ្នាក់ងារសម្ងាត់ និងសេវាកម្មអធិការកិច្ច ប្រៃសណីយ៍សហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេតលើបញ្ហានេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top