ព័ត៌មានជាតិ

ក្រសួងធនធានទឹក ប្រកាសថា ពីថ្ងៃទី២៣-២៩ ខែកញ្ញា ភ្លៀងបន្តធ្លាក់ពីមធ្យមទៅច្រើន សូមប្រុងប្រយ័ត្នបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ ។

ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា នៅថ្ងៃទី ២៣ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប នឹងអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា ។ ស្ថានភាពបែបនេះធ្វើឱ្យ៖
១- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន ។

២- បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបមាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៥ -២៧°C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន ។

ក្រសួងធនធានទឹក បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ដែលអាចកើតមានជាពិសេស បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ។ ដោយឡែក ប្រជាពលរដ្ឋនៅតំបន់មាត់សមុទ្រ អ្នកនេសាទ និង អ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ២៤-២៧ ខែកញ្ញា ឆ្នាំ២០២០ ៕

To Top