ព័ត៌មានជាតិ

ក្រុមហ៊ុនទេសចរណ៍ អូស្ត្រាលី ដាក់រូបប្រាសាទអង្គរ តែដាក់អក្សរវៀតណាម ធ្វើឲ្យផ្ទុះប្រតិកម្ម

ភ្នំពេញ ៖ ក្រោយក្រុមហ៊ុនទីភ្នាក់ងារ ទេសចរណ៍ របស់អូស្ត្រាលី ដែលមានឈ្មោះ «Wendy Wu Tours» បាន យករូបប្រាសាទអង្គរវត្ត របស់កម្ពុជា ដាក់ តែបែរជា សរសេរអក្សរវៀតណាម នៅពីលើទៅវិញនោះ ចំណុចនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិ ជាច្រើនទៀត បានផ្ទុះការរិះគន់ និងប្រតិកម្មជាខ្លាំង។ នេះបើយោងតាមការចុះផ្សាយ របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួងបានបន្តថា «Wendy Wu Tours» ជាទីភ្នាក់ងារទេសចរណ៍ដ៏ល្បីមួយ របស់ប្រទេសអូស្ត្រាលី ដែលបាន នាំភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា ជាញឹកញាប់។ ថ្មីៗនេះ គេហទំព័ររបស់ទីភ្នាក់ងារទេសចរណ៍មួយនេះ បានបង្ហោះរូបភាព ស្ដីពីតំបន់ទេសចរណ៍ ជាច្រើននៅជុំវិញពិភពលោក ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្ត ដ៏ស្រស់ឆើតឆាយ របស់កម្ពុជាផងដែរ។

ប៉ុន្តែគេហទំព័រនេះ បានបង្កើតនូវកំហុសឆ្គងដោយអចេតនាមួយ គឺនៅត្រង់នៅផ្នែកខាងលើនៃរូបភាព ប្រាសាទអង្គរវត្ត បានសរសេរពាក្យថា «VIETNAM» ជាហេតុនាំឲ្យមានការ យល់ច្រឡំថា ប្រាសាទអង្គរវត្ត ស្ថិតនៅប្រទេសវៀតណាម។

ក្រសួងឲ្យដឹងថា កំហុសឆ្គងរបស់ក្រុមហ៊ុនទេសចរណ៍ អូស្ត្រាលីមួយនេះ នាំឲ្យមានការរិះគន់យ៉ាងខ្លាំងសម្បើម ពីសំណាក់ពលរដ្ឋខ្មែរ និងមជ្ឈដ្ឋានអន្តរជាតិមួយចំនួន ដែលគេបានដឹងច្បាស់ពីប្រវត្តិ ប្រាសាទអង្គរវត្តជារបស់ខ្មែរ។

ទន្ទឹមនឹងនោះ ពលរដ្ឋក៏បានស្នើក្រសួងការបរទេសខ្មែរ និងក្រសួងទេសចរណ៍ ចេញចំណាត់ការចំពោះកំហុសឆ្គងនេះ។

ក្រោយទទួលបានដំណឹងនេះហើយ មន្ត្រីជំនាញ នៃក្រសួងទេសចរណ៍ បានទាក់ទងភ្លាមៗទាំងយប់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបានស្នើទីភ្នាក់ងារ «Wendy Wu Tours» កែសម្រួលកំហុសឆ្គង នៅលើគេហទំព័ររបស់ខ្លួនជាបន្ទាន់។

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រសួងទេសចរណ៍បានថ្លែងថា ក្រសួងបានទាក់ទងទៅកាន់ទីភ្នាក់ងារ Wendy Wu Tours រួចហើយ ដើម្បីឲ្យកែសម្រួលឡើងវិញ។

លោកថា ទីភ្នាក់ងារនេះ ក៏បានសូមអភ័យទោសចំពោះកម្ពុជា និងយល់ព្រមកែសម្រួលឡើងវិញផងដែរ ដោយបានកែពីពាក្យ VIETNAM មកដាក់ថា SOUTHEAST ASIA វិញ។

មូលហេតុដែលទីភ្នាក់ងារ Wendy Wu Tours មិនប្ដូរមកជា CAMBODIA វិញនោះ ក៏ដោយសារក្រុមហ៊ុនចង់បង្ហាញថា «ប្រាសាទអង្គរវត្តរបស់កម្ពុជា» ជានិម្មិតរូបតំណាងឲ្យតំបន់អាស៉ីអាគ្នេយ៍លើនៅគេហទំព័ររបស់ខ្លួន ពីព្រោះប្រាសាទអង្គរវត្តជាសម្បត្តិបេតិភណ្ឌដែល ពិភពលោកស្គាល់ច្រើនជាងគេ។

ទោះបីជាទីភ្នាក់ងារ Wendy Wu Tours បានកែសម្រួលនៅលើទំព័រមុខ នៃគេហទំព័ររបស់ខ្លួនរួចហើយក្ដី ប៉ុន្តែនៅមានមួយកន្លែងទៀត ដែលក្រុមហ៊ុនមិនទាន់បានកែសម្រួលអស់ គឺនៅពេលចូលទៅក្នុងផ្ទាំង Brochures គេនៅឃើញមានរូបប្រាសាទអង្គរវត្ត ដែលដាក់ពាក្យ VIETNAM នៅពីលើនៅឡើយ។

ត្រង់ចំណុចនេះ ក្រសួងទេសចរណ៍ ក៏នឹងទាក់ទងទៅកាន់ក្រុមហ៊ុនបន្តទៀត ដើម្បីឲ្យកែសម្រួលទៀត៕

To Top