ព័ត៌មានជាតិ

សត្វរមាំងជិតផុតពូជ ត្រូវបានអ្នកវិទ្យាសាស្រ្ត ស្រាវជ្រាវរកឃើញ ក្នុងតំបន់ទេសភាពមេគង្គ ជាលើកដំបូង

ភ្នំពេញ ៖ អ្នកវិទ្យាសាស្រ្ត បានបង្ហាញរូបភាព សត្វ រមាំង (Rucervus eldii) ចំនួន បួន ក្បាល ដែលគេថតបានជាលើកដំបូង ក្នុងអំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ា ស៊ីន ថត ស្វ័យ ប្រវត្ត នៅក្នុង ដែនជម្រកសត្វព្រៃសំបូរ ដែលជាតំបន់ការពារធម្មជាតិមួយ ស្ថិតក្រោមការគាំទ្រ ដោយអង្គការ WWF មានទីតាំង ស្ថិតក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ នៃខេត្តក្រចេះ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វរមាំងត្រូវបានចាត់ថ្នាក់ ជា ប្រភេទសត្វរងគ្រោះថ្នាក់ ជិតផុតពូជទាំងនៅក្នុងច្បាប់ព្រៃឈើ របស់ប្រទេសកម្ពុជា និងក្នុងបញ្ជីក្រហម របស់ អង្គ ការ IUCN ។

ក្រសួងបរិស្ថាន ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះការរកឃើញវត្តមានសត្វរមាំង (Rucervus eldii)។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ សត្វព្រៃនៅក្នុងប្រទេសកម្ពុជា។ វត្តមាននៃសត្វរមាំងដែលជា ប្រភេទសត្វកម្រនៅលើពិភពលោកនេះ ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា បានបញ្ជាក់ថាពីប្រសិទ្ធភាព នៃការការពារនិងអភិរក្ស និងការទប់ស្កាត់បទល្មើស ធនធានធម្មជាតិ ជាពិសេសការបទល្មើស នៃការបរបាញ់សត្វ និងការដាក់អន្ទាក់សត្វព្រៃ។

មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ដោយសហការ ជាមួយសហគមន៍តំបន់ការពារធម្ម ជាតិរួមនឹងអង្គការដៃគូ បានខិតខំក្នុងការពង្រឹងការអនុវត្តច្បាប់ និងជំរុញឱ្យមានការចូលរួម ពីប្រជាពលរដ្ឋចូលរួម ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិសត្វព្រៃ ឱ្យបានគង់វង្ស។
ក្រសួងបរិស្ថាន សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារ និងអភិរក្សសត្វរមាំងទាំងនេះ ដែលកំពុងតែរស់នៅ ក្នុងតំបន់ការពារធម្មជាតិ របស់ប្រទេសកម្ពុជាឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

ក្រសួងបរិស្ថានរួមនឹងអាជ្ញាធរពាក់ព័ន្ធ នៅតែបន្តអនុវត្តវិធានការពារ និងអភិរក្សតំបន់ការពារធម្មជាតិ ដែលខ្លួនគ្រប់គ្រង ប្រកបដោយស្មារតីទទួលខុសត្រូវ និងចាត់វិធានការ លើរាល់បទល្មើសធនធានធម្មជា តិដែលបានកើតឡើង។ នៅក្នុងរយៈពេល ៦ ខែឆ្នាំ ២០២០ ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន បានចុះល្បាតចំនួន ១៣ ៨០៤ លើក និងបានបង្ក្រាបបទល្មើស បាន ៣ ៦៨៩ ហើយក្នុងនោះបញ្ជូនសំណុំរឿង ទៅតុលាការបានចំនួន ៣២៩ ករណី រឹបអូសរណាយន្តបានចំនួន ២៥៧៨ គ្រឿង ព្រមទាំងធ្វើការផាកពិន័យអន្តរកាល ចំនួន ៤៣៣ ករណី។

ក្រសួងបរិស្ថានទទួលស្គាល់ថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងយប់ថ្ងៃ ប៉ុន្តែបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចៗ នៅតែកើតមាន ដែលសមត្ដិកិច្ចក្រសួងបរិស្ថាន នឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បន្តបង្ក្រាបនិងទប់ស្កាត់បន្តទៀត។

ប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយជីវៈចម្រុះ និងមានប្រភេទរុក្ខជាតិ សត្វ ជិតពូជ ឬមានដោយកម្រនៅក្នុងពិភពលោក។ សន្ទស្សន៍ជីវៈចម្រុះ (Biodiversity Index) ក្នុងប្រទេសកម្ពុជា គឺទទួលបានពិន្ទុ៧.៥ (MacKinnon, ១៩៩៧) ទោះបីជាយ៉ាងណាក៏ដោយ ពិន្ទុអាចបានខ្ពស់ជាងនេះ អាស្រ័យទៅលើការសិក្សាស្រាវជ្រាវ។ ប្រទេសកម្ពុជា ជាប្រទេសសម្បូរទៅដោយជីវៈចម្រុះ ដែលបានបង្ហាញវត្តមាន ប្រភេទថនិកសត្វ១២៣ប្រភេទ សត្វស្លាប៥៤៥ប្រភេទ ឧរង្គសត្វ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២៣០៨ប្រភេទ ត្រី៨៧៤ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់១៤ប្រភេទ ស្មៅសមុទ្រ១០ប្រភេទ និងថលជលិក៦៣ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀត ដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។

មានប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ ក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងតារាង១ ដូចជា៖ ថនឹកសត្វ៣៩ប្រភេទ សត្វស្លាប៣៦ប្រភេទ ឧរង្គសត្វ១៣ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក១២ប្រភេទ ៕

To Top