តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃពុធថា ប្រទេសជប៉ុនគ្រោង នឹងបន្ធូរបន្ថយការ រឹតបន្តឹងការធ្វើដំណើរ ដែលបានដាក់ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងវីរុសកូរ៉ូណា សម្រាប់អ្នកដំណើរបរទេសមកពីជុំវិញពិភពលោក ដែលនឹងចាប់ផ្តើមនៅខែតុលា ដោយមិនរាប់បញ្ចូលភ្ញៀវ ទេសចរឡើយ។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមប្រភពនោះថា រដ្ឋាភិបាលកំពុងពិចារណា អនុញ្ញាតឱ្យជនបរទេសប្រមាណ ១ ០០០ នាក់ ចូលក្នុងប្រទេស ជារៀងរាល់ថ្ងៃសម្រាប់រយៈពេល ៣ ខែ ឬយូរជាងនេះ ដោយបង្កើនសមត្ថភាពតេស្តមេរោគ នៅតាមអាកាសយានដ្ឋាន ដើម្បីសម្របសម្រួល។
បច្ចុប្បន្ននេះ ប្រទេសជប៉ុន កំពុងដាក់បម្រាមចូលប្រទេស ទៅលើប្រទេស និងតំបន់ចំនួន ១៥៩ ។ ជនបរទេសដែលបានទៅតំបន់នោះក្នុងរយៈពេល ១៤ ថ្ងៃនៃការមកដល់របស់ពួកគេ ត្រូវបានគេបង្វែរចេញ ដោយមានករណីលើកលែងមួយចំនួន។
រដ្ឋាភិបាលបាន ចាប់ផ្តើមបន្ថយការដាក់កម្រិត លើការធ្វើដំណើរក្នុងប្រទេសជាបណ្តើរ ៗ ដោយជនបរទេស ដែលមានឋានៈជាអ្នកស្នាក់នៅ ក្នុងប្រទេសជប៉ុន ដែលបានធ្វើដំណើរទៅក្រៅប្រទេស គឺត្រូវបានអនុញ្ញាតឱ្យចូលវិញ ចាប់ពីខែកញ្ញា។
អ្នកជំនួញត្រូវបានអនុញ្ញាតិ អោយមកពីបណ្តាប្រទេសអាស៊ីមួយចំនួនរួមទាំង ប្រទេសវៀតណាមនិងថៃផងដែរ ប្រសិនបើពួកគេបំពេញលក្ខខណ្ឌមួយចំនួន រួមទាំងការផ្តល់លទ្ធផលអវិជ្ជមានមេរោគ ហើយនិស្សិតបរទេសដែលទទួលបាន ជំនួយពីរដ្ឋាភិបាលក៏អាចចូលក្នុងប្រទេសបានដែរ៕
ប្រែសម្រួលៈ ណៃ តុលា