ព័ត៌មានអន្តរជាតិ

កងនាវាទ័ពជើងទឹក សហរដ្ឋអាមេរិក អនាគតអាចមាននាវាជាង៥០០គ្រឿង

បរទេស៖ កងនាវាទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលមានគោលដៅបច្ចុប្បន្ន ឲ្យមាននាវាចំនួន៣៥៥គ្រឿង ត្រឹមឆ្នាំ២០៣០នោះ អាចនឹងកើនឡើង ដល់ទៅនាវាជាង៥០០គ្រឿង នេះបើយោងតាមឯកសារមួយ ដែលគាំទ្រដល់ការសិក្សា អំពីកងកម្លាំងទ័ពជើងទឹក នាពេលអនាគតបានបង្ហាញ។

ការវិភាគចំនួនពីរ ដែលត្រូវបានបញ្ជូន ឲ្យរដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងថា នាវាសរុបមានចំនួនចន្លោះ ពី៤៨០គ្រឿងទៅ៥៣៤គ្រឿង គួរតែមាននៅលើផ្ទៃសមុទ្រ ដោយរួមបញ្ចូលទាំងនាវាមានមនុស្សបើក និងគ្មានមនុស្សបើក។
កាលពីសប្ដាហ៍មុន លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានពោលសំដៅ ដល់ទ័ពជើងទឹកពេលអនាគត ជុំវិញរឿងនាវាចំនួន៣៥០គ្រឿអ ក្នុងសារដល់ក្រុមហ៊ុនសាជីវកម្ម Rand Corp។

លោក Mark Esper បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំចង់ធ្វើឲ្យប្រាកដចិត្តថា ប្រទេសចិន មិនអាចប្រៀបផ្ទឹមនឹងសហរដ្ឋអាមេរិកបាន នៅពេលដែលនិយាយ ដល់អំណាចទ័ពជើងទឹក ហើយបើទោះជាយើងឈប់ផលិតនាវាថ្មី វានឹងឲ្យចិន ប្រើពេលជាច្រើនឆ្នាំបំពេញគម្លាត នៅពេលប្រៀបជាមួយសមត្ថភាព លើផ្ទៃសមុទ្ររបស់យើង”៕ ប្រែសម្រួល៖ប៉ាង កុង

To Top