ព័ត៌មានអន្តរជាតិ

បេក្ខជនដណ្តើម តំណែងប្រធានាធិបតី អាមេរិកលោក ចូ ប៊ីដិន សន្យាកែទម្រង់ប៉ូលីស ពេលលោកឈ្នះឆ្នោត

បរទេស៖ បេក្ខជនប្រធានាធិបតី អាមេរិក ខាងគណបក្សប្រជាធិបតេយ្យ លោក ចូប៊ីដិន បានសន្យាថា ប្រសិនបើបាន ជាប់ឆ្នោត លោកនឹងបង្កើតគណៈកម្មការ សហព័ន្ធ ដើម្បីធ្វើការលើគោល នយោបាយមួយ ដែលគ្របដណ្តប់ ទៅលើការប្រើប្រាស់កម្លាំង ហួសប្រមាណដោយមន្រ្តី អនុវត្តច្បាប់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ប៊ីដិន បាននិយាយជាមួយសារព័ត៌មាន MSNBC កាលពីថ្ងៃសៅរ៍ថា “ យើងនឹងនាំភាគីទាំងនេះ [ប៉ូលីសនិងសាធារណជន] មកជាមួយគ្នាហើយធានាថា ការធ្វើកំណែទម្រង់ធំមួយចំនួន គឺត្រូវអនុវត្តនៅក្នុងនាយកដ្ឋានប៉ូលីស” ។

កាលពីដើមខែនេះ ដោយនិយាយទៅលើទីក្រុង Kenosha លោក ប៊ីដិន បានសន្យាថា នឹងបង្កើតគណៈកម្មការជាតិ ស្តីពីប៉ូលីស ដែលមានមូលដ្ឋាននៅសេតវិមាន ប្រសិនបើគាត់ឈ្នះការ បោះឆ្នោតខែវិច្ឆិកា។

សូមជម្រាបថា សហរដ្ឋអាមេរិក ត្រូវបានឡោមព័ទ្ធមហាបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងភាពឃោរឃៅ របស់ប៉ូលីសចាប់តាំងពីចុងខែឧសភា បន្ទាប់ពីការស្លាប់ របស់បុរសជនជាតិអាមេរិក ដើមកំណើតអាហ្រ្វិក ដែលគ្មានអាវុធក្នុងដៃឈ្មោះ George Floyd ដោយមន្រ្តីស្បែកសនៅក្នុងទីក្រុង Minneapolis ។ ភាពវឹកវរទូទាំងប្រទេស បានកើនឡើងបន្ថែមទៀត បន្ទាប់ពីការបាញ់សម្លាប់ទៅលើអ្នក ដោយមិនបង្កគ្រោះថ្នាក់ម្នាក់ទៀត គឺបុរសជនជាតិអាមេរិក ដើមកំណើតអាហ្រ្វិក ម្នាក់ទៀតឈ្មោះ Jacob Blake ដោយប៉ូលីសស្បែកសនៅក្នុងទីក្រុង Kenosha កាលពីថ្ងៃទី ២៣ ខែសីហា។

ការតវ៉ាថ្មីៗបានផ្ទុះឡើងនៅទូទាំង សហរដ្ឋអាមេរិក កាលពីថ្ងៃពុធបន្ទាប់ពីគណៈវិនិច្ឆ័យដ៏ធំមួយមិនបានចោទប្រកាន់ប្រឆាំង នឹងប៉ូលីស ចំពោះការស្លាប់របស់ស្ត្រីជនជាតិអាមេរិក ដើមកំណើតអាហ្រ្វិក ម្នាក់ឈ្មោះ Breonna Taylor ដែលត្រូវបានបាញ់សម្លាប់ជាច្រើនគ្រាប់ ដោយមន្ត្រីប៉ូលីសស្បែកស ដែលបានវាយលុកចូលផ្ទះ Louisville របស់នាង អំឡុងការឆ្មក់គ្រឿងញៀនមិនត្រឹមត្រូវនៅថ្ងៃទី ១៣ ខែមីនា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top