ព័ត៌មានជាតិ

កម្ពុជាត្រូវការ ផរូបិយវត្ថុជាតិ ដើម្បីពង្រឹងភាពធន់ នៃវិស័យសេដ្ឋកិច្ច

ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា កម្ពុជាត្រូវការរូបិយវត្ថុជាតិយ៉ាងខ្លាំង ដើម្បីពង្រឹងភាពធន់ នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទប់ទល់ទៅនឹងវិបត្តិ ព្រមទាំង អាចគាំទ្រដល់កំណើននិងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព និងបរិយាប័ន្ន។នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន។

នាឱកាសប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៤០ នៃការបង្កើតប្រាក់រៀលឡើងវិញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ជា ចាន់តូ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់គោលនយោបាយលើកកម្ពស់ប្រាក់រៀលជាអាទិភាព នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។ 

លោកមានប្រសាសន៍ថា «ក្រោមសេដ្ឋកិច្ចទីផ្សារ និងប្រព័ន្ធធនាគារពីរថ្នាក់ ប្រាក់រៀលបានចរាចរជាមួយនឹងប្រាក់ ដុល្លារអាមេរិកនៅក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងដំណាក់កាលដំបូង ប្រាក់ដុល្លារអាមេរិកបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈការ ជំរុញការវិនិយោគបរទេស វិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្មអន្តរជាតិ និងទេសចរណ៍។ក៏ប៉ុន្តែ ក្នុងស្ថានភាពបច្ចុប្បន្ន ពេលដែលទំហំសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាន់តែកើនឡើងឥតឈប់ឈរ និងមានសមាហរណកម្មក្នុងតំបន់ខ្ពស់ ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកបានកំហិត លទ្ធភាពធនាគារកណ្តាល ក្នុងការអនុវត្តពេញលេញនូវគោលនយោបាយរូបិយវត្ថុ ដើម្បីគាំទ្រកំណើននិងទប់ទល់នឹងវិបត្តិ»។  

ជាងនេះទៅទៀត ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានស្នើដល់ក្រសួងស្ថាប័ន ក្រុមហ៊ុនសហគ្រាស ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ បន្តចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់ តែទូលំទូលាយ សំដៅគាំទ្រដល់ចីរភាពកំណើនសេដ្ឋកិច្ច ការបង្កើនចំណូលរបស់ប្រជាពលរដ្ឋ ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ សមាហរណកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់។ 

ឆ្លៀតឱកាសនោះ លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារឯកជនកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានថ្លែងថា ការជំរុញការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយ ទាមទារនូវកម្លាំងធំៗចំនួន៣ មានដូចជា ច្បាប់របស់ធនាគារជាតិនៃកម្ពុជា ការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុរបស់ជាតិ ដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងការគ្រប់គ្រងអតិផរណាឲ្យ បានល្អ៕

To Top