ព័ត៌មានជាតិ

ទូតសិង្ហបុរី សង្ឃឹមថា ក្រោយចប់កូវីដ-១៩ អ្នកវិនិយោគសិង្ហបុរី នឹងមកវិនិយោគ គម្រោងប្រព័ន្ធ ទឹកកខ្វក់ នៅព្រះសីហនុ

ភ្នំពេញ ៖ លោក ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា នៅពេលដែលជំងឺកូវីដ-១៩ ត្រូវបញ្ចប់ អ្នកវិនិយោគសឹង្ហបុរី នឹងមកកម្ពុជា ហើយក្រុមវិនិយោគសឹង្ហបុរី មកធ្វើការវិនិយោគ នៅគំរោងប្រព័ន្ធទឹកកខ្វក់ ក្នុងខេត្តព្រះសីហនុ ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២០ លោក Michael Tan បានថ្លែងថា «សង្ឃឹមថា នៅពេលដែលកូវីដ-១៩ បញ្ចប់អ្នកវិនិយោគ ប្រទេសសឹង្ហបុរីនឹងមកកាន់កម្ពុជា ពិសេស ខេត្តព្រះសីហនុកាន់តែច្រើនឡើងថែមទៀត ក្រុមវិនិយោគ សឹង្ហបុរី ក៏មកធ្វើការវិនិយោគនៅគំរោងប្រព័ន្ធទឹកកខ្វក់ នៅខេត្តព្រះសីហនុ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធអាស៊ីទៅវិញ ទៅមករវាងព្រះរាជាណាចក្រកម្ពុជា ពិសេស ខេត្តព្រះសីហនុ»។

ជាងនេះទៅទៀត លោកទូតសឹង្ហបុរី ប្រចាំកម្ពុជា ចង់ឃើញតំបន់ណាខ្លះដែល កម្ពុជា-សឹង្ហបុរី ធ្វើការអភិ វឌ្ឍរួមគ្នា និងសង្ឃឹមថា នៅពេលចប់កូវីដ-១៩ នឹងមាននាវាទេសចរណ៍ធំៗ យ៉ាងច្រើនចូលចត នៅកំពង់ផែ ខេត្តព្រះសីហនុ កែប និងកំពត។

នាឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា រាជរដ្ឋាភិបាល បាន កំណត់យកឆ្នាំ២០៣០ យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីជំរុញកំ ណើនសេដ្ឋកិច្ចជាតិ។លោកថា ថ្វីត្បិតការអភិវឌ្ឍខេត្តមានការយឺតយ៉ាវ នៅហេដ្ឋារចនាសម្ព័ន្ធមិនទាន់ ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍ ទើបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន បញ្ចេញកញ្ចប់ថវិកាកសាងផ្លូវ៣៤ខ្សែ និងត្រូវបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២១ ខាងមុខ និងការស្ដារអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ។

នៅចំពោះមុខ ទូតសិង្ហបុរី ប្រចាំកម្ពុជា លោក គួច ចំរើន បានប្រាប់ថា ខេត្តព្រះសីនុ ជាតារារះនាទិសនារតី ដោយផ្ដើមចេញពីឆ្នេរសមុទ្រ សស្អាត ខ្យល់ អាកាសបរិសុទ្ធ គួបផ្សំនឹង សក្តានុពល ដ៏សម្បូរបែបក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ មានការកើនឡើង។

សូមរំលឹកថា កាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាង សឹង្ហបុរី-កម្ពុជា មានចំនួន៤,៨ពាន់លានដុល្លារ ចំណែក ឆ្នាំ២០១៩ មានចំនួន៤,២ពាន់លានដុល្លារ ហើយក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០ មានចំនួន២ពាន់លានដុល្លារ ៕

To Top