ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក កើនឡើងចំនួន៣,៥៧០.៩០លានដុល្លារ ស្មើនឹងប្រមាណ១៧, ០៤% បើប្រៀបធៀបនឹង៧ខែ ដើមឆ្នាំ២០១៩។នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជក ម្ម។
ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន(US-ASE AN Business Council) តាមរយៈប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០ ២០ លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា «សក្តានុពលពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក ដែល បានបន្តកើនឡើង បើគិតត្រឹមខែកក្កដាឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបមាន ចំនួន៣,៥៧០.៩០ លានដុល្លារ ដែលកើនឡើងប្រមាណ១៧,០៤ ភាគរយ បើប្រៀបធៀបនឹង ៧ខែ ដើមឆ្នាំ២០១៩»។
នាឱកាសនោះ រដ្ឋមន្ដ្រីពាណិជ្ជកម្ម បានធ្វើបច្ចុប្បន្នភាព ជូនគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន អំពីចក្ខុវិស័យរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចឌីជីថល នៅឆ្នាំ២០២៣ខាងមុខ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ កម្ពុជាបានបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើន ដូចជា ៖ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP ឆ្នាំ២០១៩-២០២៣) យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងផែនការអភិវឌ្ឍន៍ឧស្សាហកម្ម (IDP ឆ្នាំ២០១៥-២០២៥)។
ឆ្លៀតឱកាសនោះដែរ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន បានថ្លែងអំណរគុណ ចំពោះ រដ្ឋមន្ត្រីពាណិជ្ជកម្ម ដែលតែងតែយកចិត្តទុកដាក់ សម្របសម្រួល និងផ្ដល់កិច្ចសហប្រតិបត្តិការ ដល់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅកម្ពុជា៕