ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសន្ទនា តាមទូរស័ព្ទ ជាមួយ សមភាគី ជប៉ុន

ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារ តាមទូរស័ព្ទជាមួយ នាយឧត្តមសេនីយ៍ YUASA Goro មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន តាមសំណើរបស់នាយឧត្តមសេនីយ៍ YUASA Goro ដើម្បីរក្សាការភ្ជាប់ទំនាក់ទំនង និងឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត។

គួររំលឹកផងដែរថា នាយឧត្តមសេនីយ៍ YUASA Goro ទើបបានដឹកនាំគណៈប្រតិភូ កងស្វ័យការពារជើងគោកជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះ ភាគីទាំងពីរក៏បានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកលើការ ចូលរួមរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យ ការពារជើងគោកជប៉ុន នៅក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួម ដ៏ធ្ងន់ធ្ងរមួយ និងដែលកំពុងនៅបន្តរាតត្បាតពិភពលោកនៅឡើយ។

ក្នុងនោះ នាយឧត្តមសេនីយ៍ YUASA Goro បានសម្តែងនូវការគោរព កោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងគ្រប់គ្រង ស្ថានភាពនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ និងត្រឹមត្រូវ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ សកម្មភាព និងវិធានការទាំងឡាយ ដែលកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានអនុវត្តនៅក្នុងការងារនេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការគូសបញ្ជាក់អំពីសារៈសំខាន់ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់បណ្តាប្រទេសជាមិត្ត ជាអាទិ៍ កម្ពុជា-ជប៉ុន ជាពិសេសទំនាក់ទំនងរវាងកងទ័ព នៃប្រទេសទាំងពីរ ដែលជាគន្លឹះមួយដ៏មានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលកើតមាន ដោយបានសង្កត់ធ្ងន់ថា បញ្ហាកូវីដ-១៩ ជាបទពិសោធន៍ថ្មីមួយសម្រាប់ទាំងអស់គ្នា ទាំងការសហការដោះស្រាយផ្ទៃក្នុងប្រទេសនីមួយៗ ក៏ដូចជាការសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសជាដៃគូនៅក្នុងឆ្លើយតបនឹងជំងឺដ៏កាចសាហាវនេះ។ ហើយឆ្លងតាមការប្រឈមនៃការដោះស្រាយ រួមគ្នាលើបញ្ហាកូវីដ-១៩នេះ ទាំងអស់គ្នា នឹងអាចស្វែងរកនូវចំណុចខ្លាំង និងចំណុចប្រឈមនានា ដើម្បីឈានទៅពង្រឹងនូវយន្តការនៃការសហប្រតិបត្តិការជាមួយគ្នាឱ្យបាន កាន់តែប្រសើរឡើង។

នាយឧត្តមសេនីយ៍ YUASA Goro បានសម្តែងនូវការពេញចិត្ត និងការអរគុណចំពោះការបន្តរក្សានូវទំនាក់ទំនង ដ៏ល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ទោះបីក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ ដែលស្តែងឡើងតាមរយៈកិច្ចសន្ទនា តាមទូរស័ព្ទនេះ និងបានបញ្ជាក់ឡើងវិញអំពីការគោរពអញ្ជើញ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ។

ជាចុងក្រោយ ថ្នាក់ដឹកនាំកងទ័ពជើងគោក នៃប្រទេសទាំងពីរ បានឯកភាពគ្នាទៅលើសារៈសំខាន់នៃកិច្ចសហការរវាងប្រទេសទាំងពីរក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសរវាងកងទ័ព និងកងទ័ព ជាអាទិ៍ ការរួមគ្នាបង្កើនសមត្ថភាពឆ្លើយតបនឹងយថាហេតុគ្រោះមហន្តរាយផ្សេងៗ, ការផ្តល់ឱកាសក្នុងការលើកកម្ពស់សមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការបង្កើតឱកាសឱ្យមានការភ្ជាប់ទំនាក់ទំនងមនោសញ្ចេតនារវាងយោធិនគ្រប់លំដាប់ថ្នាក់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាដើម ដែលសុទ្ធសឹងជាមូលដ្ឋាននៅក្នុងការទំនាក់ទំនងយូរអង្វែង ហើយសង្ឃឹមយ៉ាងមុតមាំថា នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរសា្រលឡើងវិញ ឬបញ្ចប់ក្នុងពេលខាងមុខនេះ កងទ័ពជើងគោកទាំងពីរ នឹងអាចបន្តជំរុញនូវល្បឿននៃកិច្ចសហប្រតិបត្តិការទាំងនេះឱ្យមានសន្ទុះឡើងវិញ៕

To Top