ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រសៀលថ្ងៃចន្ទ ៣រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹក ៧ មករា និងតាមសណ្តរស្ទឹង ដែលអាចប្រឈមដោយការយាយី ពីជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រ ភាគខាងលិច រាជធានីភ្នំពេញ និងខេត្តកណ្តាល ។
សូមបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកនៅទ្វារទឹកទំនប់ ៧ មករា នាវេលាម៉ោង ៥ រសៀលនេះ ទឹកមានកម្ពស់ ៧,៤ ម៉ែត្រ បើធៀបនឹងកម្ពស់ទឹកព្រឹកមិញ គឺបានហក់ឡើង ០,៣ ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅកម្រិត ៧,០០ ម៉ែត្រ ។ ពេលនេះក្រុមការងារបានបើកទ្វារទឹកទាំង ០៤ ទ្វារ ដើម្បីរំដោះទឹកជន់ចេញតាមផ្លូវទឹកចំនួន ០២ គឺ ផ្លូវនាំទឹកទី ១ តាមព្រែកកំពឹស (ប្រឡាយតាហោ) និងព្រែកហូរ ទម្លាក់ទឹកហូរទៅបឹងជើងលោង និងផ្លូវនាំទឹកទី ២ តាមរយ:ព្រែកជ្រៅ បង្ហូរទឹកទម្លាក់ចូលទៅទន្លេបាសាក់ ។
មកដល់បច្ចុប្បន្ននេះ ស្ថានភាពទឹក ស្ថិតនៅក្នុងការប្រុងប្រយ័ត្ននៅឡើយទេ ក្រសួងធនធានទឹក និងឧតុនិយមបានត្រៀម គ្រឿងចក្រធុនធ្ងន់ចំនួន ១៤ គ្រឿង, បាវខ្សាច់ធំចំនួន ១.០០០ បាវ, បាវខ្សាច់តូចចំនួន ២០.០០០ បាវ, សំណាញ់ថ្ម និងកម្លាំងក្រុមការងារប្រចាំការ ២៤ ម៉ោង ឲ្យនៅបន្តត្រៀមអន្តរាគមន៍ នៅតាមទំនប់សណ្តរស្ទឹង ដើម្បីការពារហានិភ័យជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ដល់លំនៅ ឋានប្រជាពលរដ្ឋនៅ ក្នុងភូមិសាស្រ្តប្រឈម ៕