ប៉េកាំង៖ ប្រេសិតចិន បានធ្វើសេចក្តីថ្លែងការណ៍រួមមួយ នៅឯកិច្ចពិភាក្សាដេញដោលទូទៅ នៃគណៈកម្មាធិការទី ៣ នៃមហាសន្និបាត អង្គការសហប្រជាជាតិ ក្នុងនាមប្រទេសចំនួន ២៦ ដោយបានរិះគន់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ចំពោះការរំលោភសិទ្ធិមនុស្ស ដោយអំពាវនាវ ឱ្យមានការដកចេញ នូវឯកតោភាគីពេញលេញ និងបន្ទាន់ ចំពោះការដាក់ទណ្ឌកម្ម និងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើការរើសអើងជាតិសាសន៍។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា លោក Zhang Jun អ្នកតំណាងអចិន្រ្តៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានធ្វើសេចក្តីថ្លែងការណ៍ ក្នុងនាមតំណាងប្រទេសទាំង ២៦ និងរិះគន់ពីបញ្ហាខាងលើនេះ។
ជំងឺរាតត្បាតកូវីដ-១៩ បានបន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជាតិទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។ ការឆ្លើយតប និងការងើបឡើងវិញពីជំងឺកូវីដ១៩ ទាមទារសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកបន្ដថា “ទោះយ៉ាងណា យើងនៅតែបន្តធ្វើជាសាក្សី នៃវិធានការណ៍បង្ខំជាឯកតោភាគី ដែលផ្ទុយនឹងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិពហុភាគីនិយម និងបទដ្ឋានមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ”៕ ដោយ៖ ឈូក បូរ៉ា