ព័ត៌មានជាតិ

ផ្ទះប្រជាពលរដ្ឋ ជាង៤០០ខ្នង រងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង នៅស្រុកសាលាក្រៅ

ភ្នំពេញ៖ ជំនន់ទឹកភ្លៀងដែលកើតឡើង នៅខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នា រយៈពេល២ថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១០ ខែតុលា ក្នុងកម្រិតពី(១០៩-២១០)មម ដែលបង្ករការជន់លិច ភូមិឋាន ប្រជាពលរដ្ឋ តាមតំបន់ទំនាប ពិសេសតាមមាត់ស្ទឹង និងអូរ ដែលប៉ះពាល់ដល់ផ្ទះ សំបែងប្រជាពលរដ្ឋចំនួន ៤៥២ ខ្នងផ្ទះ សាលារៀន ០១កន្លែង វត្ត ចំនួន ១កន្លែង ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់…និងដីកសិកម្មមួយចំនួន ស្ថិតក្នុងឃុំចំនួន២ នៃស្រុកសាលាក្រៅ ។ នេះបើយោងតាមក្រសួងធនធានទឹកនិងឧតុនិយម។

នៅពេលរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកចាប់ផ្តើមស្រកចុះ ជាមធ្យម ០,៥ ម ដែលធ្វើឲ្យផ្ទះប្រជាពលរដ្ឋ មួយចំនួនបានស្រកផុតពីផ្ទះ ។ ប៉ុន្តែដោយសារពីយប់មិញភ្លៀង បានបន្តធ្លាក់ក្នុងកម្រិតពី(១២-៨៩)មម ស្ថានភាពនេះបានបង្កឲ្យការជន់លិច កើតឡើងជាថ្មី និងជន់ចូលផ្ទះថ្មីបន្ថែម ចំនួន ២៥ខ្នងផ្ទះបន្ថែមទៀត ដែលធ្វើផ្ទះប៉ះពាល់សរុបចំនួន ៤៧៧ ខ្នងផ្ទះ ។ ទោះយ៉ាងណាក៏ដោយ សម្រាប់ខេត្តប៉ៃលិន ប្រសិនបើ មិនមានភ្លៀងធ្លាក់ច្រើនទេ នោះស្ថានភាពជំនន់នេះនិងថយចុះភ្លាមៗផងដែរ ៕

To Top