កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០ នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការស្ថាបនខឿនការពារច្រាំងទន្លេ ដែលបានសាងសង់រួច ១០០% នៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ដែលកន្លងមកធ្លាប់ទទួលរងការវាយប្រហារ ពីទឹកជំនន់ ដែលបណ្តាល ឲ្យបាក់ច្រាំងជារឿយៗ ស្ទើរតែខូចផ្លូវ ដែលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ។
បន្ទាប់ពីអញ្ជើញចុះពិនិត្យច្រាំងទន្លេនោះ លោកអភិបាលខេត្ត និងក្រុមការងារ បានបន្តដំណើរ ចុះពិនិត្យស្ថានីយបូមទឹក នៃប្រព័ន្ធធារាសាស្រ្តវ៉ៃកូ និងស្ថានភាពទឹក នៅទ្វារទឹកប្រព័ន្ធធារាសាស្រ្តវ៉ៃកូ ស្ថិតនៅភូមិរកាកោងត្បូង ឃុំមហាលាភ ស្រុកកោះសូទិនផងដែរ។
ក្នុងឱកាសនៃការចុះពិនិត្យនោះ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាសមិទ្ធិផលថ្មីនេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ដល់មនុស្សជំនាន់ក្រោយៗ។ ជាមួយគ្នានោះលោកអភិបាលខេត្ត ក៏បានណែនាំដល់អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយស្រុក លោកមេឃុំ ឲ្យបន្តការតាមដានស្ថានភាពអាកាសធាតុ និងផលប៉ះពាល់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយត្រូវត្រៀមលក្ខណៈជាស្រេច ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីត្រៀមឆ្លើយតប និងជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ក្នុងករណីកើតមានជាយថាហេតុ នូវគ្រោះមហន្តរាយ ក្នុងភូមិសាស្រ្តរបស់ខ្លួន។
សូមរំលឹកផងដែរថា ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ពេលបច្ចុប្បន្ននេះ មិនទាន់មានរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់នោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី គណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា តែងតែឆ្លៀតពេលដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋតាមមូលដ្ឋានជាប្រចាំ៕