ព័ត៌មានជាតិ

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ស្នើម្ចាស់រោងម៉ាស៊ីនទាំងអស់ សូមមានសាមគ្គីភាពរវាងគ្នា កុំធ្វើការប្រកួតប្រជែងគ្នា

ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនដែលអញ្ជើញមកពីខេត្តបន្ទាយមានជ័យ និងប្រចាំខេត្តបាត់ដំបង ក្រោមការសម្របសម្រួលពីសំណាក់ លោកបណ្ឌិតឧកញ៉ា ភូ ពុយ កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នាសភាពាណិជ្ជកម្មខេត្តបាត់ដំបង

ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច បានជម្រាបជូនម្ចាស់រោងម៉ាស៊ីនទាំងអដ់ដែលមានវត្តមាន ថាកិច្ចប្រជុំរៀបចំឡើងនៅល្ងាចនេះក្នុងគោលបំណង៖

១ . សម្រាប់រដូវប្រមូលផលស្រូវដែលមកដល់ លោកសូមធ្វើការស្នើសុំ ,លើកទឹកចិត្ត និងបន្តជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ មេត្តាជួយទិញស្រូវពីកសិករអោយអស់ពីលទ្ធភាពក្នុងតំលៃសមរម្យ ទោះបីគុណភាពស្រូវល្អ ឬមិនសូវល្អ ជាពិសេសស្រូវដែលទទួលរងការលិចទឹកដោយសារជំនន់ទឹកភ្លៀង។ លោកសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់រោងម៉ាស៊ីនទាំងអស់នឹងធ្វើការសហការគ្នា ដោយសាមគ្គីភាព ដើម្បីលើកស្ទួយជីវភាពកសិករ និងជំរុញអោយការនាំចេញអង្ករ១លានតោនអោយទទួលបានជោគជ័យ។

ជាមួយគ្នានេះ លោកក៏បានជម្រាបជូនម្ចាស់រោងម៉ាស៊ីនបន្ថែមទៀតថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលមូលនិធិពិសេសបន្ថែមចំនួន ៣០លានដុល្លារអាមេរិក សម្រាប់ផ្តល់ឥណទានដល់ម្ចាស់រោងម៉ាស៊ីនធ្វើការប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផលខាងមុខនេះ។ លោកក៏បាន លើកទឹកចិត្តអោយម្ចាស់រោងម៉ាស៊ីនទាំងអស់ នៅពេលខ្វះថវិកាទិញស្រូវ អាចធ្វើការស្នើសុំឥណទាន ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន គ្រាន់តែបំពេញតាមលក្ខខណ្ឌគុណវុឌ្ឍរបស់ធនាគារតែប៉ណ្ណោះ។

២. ឯកឧត្តមប្រតិភូ ធ្វើការស្នើសុំអោយម្ចាស់ រោងម៉ាស៊ីនកិនស្រូវទាំងអស់រៀបចំបញ្ជីស្នាម អោយមានស្ដង់ដារ និងមានគណនេយ្យភាព។ លោកក៏បានស្នើសុំអោយក្រុមហ៊ុនបញ្ជី ធ្វើបទបង្ហាញពីចំណុចសំខាន់ៗ និងលក្ខខណ្ឌផ្សេងៗ ដើម្បីផ្តល់ជាព័ត៍មានដល់ម្ចាស់រោងម៉ាស៊ីនផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមប្រតិភូ លើកទឹកចិត្តអោយម្ចាស់រោងម៉ាស៊ីន គួរប្រើប្រាស់កម្មវិធីកត់ត្រាគណនេយ្យ របស់ក្រុមហ៊ុនបញ្ជី ដែលជាក្រុមហ៊ុនបង្កើតឡើង ដោយកូនខ្មែរ និងមានគុណវុឌ្ឍគ្រប់គ្រាន់ដែលជឿទុកចិត្តបាន។

៣.ចុងបញ្ចប់ លោកស្នើសុំដល់ម្ចាស់ រោងម៉ាស៊ីនទាំងអស់សូមមានសាមគ្គីភាព រវាងគ្នា កុំធ្វើការប្រកួតប្រជែងគ្នា និងធ្វើការរួបរួមគ្នាដើម្បីលើកស្ទួយវិស័យ ស្រូវអង្ករកម្ពុជាប្រកបដោយវិបុលភាព និងភាពរីកចម្រើន៕

To Top