បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ Chinatimes បានដកស្រង់ប្រភពពីកងកម្លាំងយោធារបស់ប្រទេសចិន និងបានចុះផ្សាយថា ប្រទេសមហាអំណាចផ្នែកសេដ្ឋកិច្ច លំដាប់លេខ២លើពិភពលោកមួយនេះ បានបន្តដំឡើងសាច់ដុំ យោធា ដាក់កោះតៃវ៉ាន់ កាន់តែខ្លាំងនៅពេលបច្ចុប្បន្ននេះ ។
យោធាចិនបានអោយដឹងថា ខ្លួនបានផ្លាស់ប្តូរគ្រាប់មីស៊ីលចាស់ៗ ទាំងអស់នៅតាមឆ្នេរសមុទ្រ ដែលត្រូវបានដាក់ពង្រាយ បែរតម្រង់ទៅរកកោះតៃវ៉ាន់ ជាច្រើនទសវត្សរ៍កន្លងមកនោះ ដោយដាក់ជំនួស ដោយគ្រាប់មីស៊ីល បាលីស្ទក ប្រភេទថ្មី និងមានសមត្ថភាពខ្ពស់ ។
គ្រាប់មីស៊ីលចាស់ៗ ដែលយោធាចិនបានដាក់ពង្រាយ តម្រង់ ទៅរកកោះតៃវ៉ាន់ប៉ុន្មានទសវត្សរ៍កន្លងមកនេះ គឺជាប្រភេទមីស៊ីល DF 11 និង DF 15 ជាដើម ដែលជាប្រភេទមីស៊ីលចាស់ និងគ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការវាយប្រហារ លើមូលដ្ឋានយោធា តៃវ៉ាន់ ។
អ្នកជំនាញផ្នែក យុទ្ធសាស្ត្រយោធាចិន បាននិយាយថា មីស៊ីល DF 11 និងDF15 គ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការហោះហើររត់ឆ្លងជួរភ្នំនានា នៅលើទឹកដីនៃកោះតៃវ៉ាន់ ដើម្បីវាយប្រហារ កម្ទេចមូលដ្ឋានទ័ពអាកាស ដែលស្ថិតនៅភាគខាងកើត នៃកោះនេះបានទេ ។
អ្នកជំនាញដដែល បានបន្តថា មីស៊ីលប្រភេទ DF 11 និង DF 15 របស់ប្រទេសចិន មានសមត្ថភាពអាចហោះហើរ ទៅកម្ទេចគ្រប់ទីកន្លែង នៅកោះតៃវ៉ាន់បាន ប៉ុន្តែមីស៊ីលប្រភេទនេះ មិនមានសមត្ថភាព អាចហោះហើរ រត់កាត់ជួរភ្នំ ទៅកម្ទេចមូលដ្ឋានយោធាតៃវ៉ាន់បានទេ ។
ចំណែកមីស៊ីលប្រភេទថ្មី ដែលត្រូវបានដាក់ពង្រាយ ជំនួសមីស៊ីល DF 11 និង DF 15 នៅតាមឆ្នេរសមុទ្រចិននោះ គឺជាមីស៊ីលបាលីស្ទិកថ្មីប្រភេទ D 7 ដែលមានសមត្ថភាពខ្ពស់ អាចហោះហើក្នុងរយៈចម្ងាយ ២៥០០គីឡូម៉ែត្រ និងអាចជួយឲ្ យកងទ័ពចិន វាយប្រហារលើទីតាំងយោធា របស់កោះតៃវ៉ាន់ បានយ៉ាងងាយ ដោយសារតែមីស៊ីល បាលីស្ទិក D 7 មានល្បឿនលឿន ជាងសម្លេង និងជាមិស៊ិលអាចកំណត់ គោលដៅបានច្បាស់លាស់បំផុត ទោះបីជាទីតាំងនោះ មានជួរភ្នំ ឬមានស្ថានភាព ស្មុកស្មាញក៏ដោយ ។
សូមបញ្ជាក់ជូនថា មីស៊ីល D 7 ជាប្រភេទមីស៊ីល បាលីស្ទីក រយៈចម្ងាយមធ្យម ដែលមានសមត្ថភាពអាចហោះហើរ ក្នុងល្បឿនលឿន ជាងសំឡេង និងត្រូវគេឃើញជាលើកទី១ កាលពីឆ្នាំមុន ក្នុងអំឡុង ព្យុហយាត្ រាខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
ក្រៅតែពីផ្លាស់ប្តូរជំនួស មីស៊ីលចាស់ៗ ដោយមីស៊ីលបាលីស្ទិកទំនើប និងមានល្បឿនលឿនជាងសំឡេងដូចជា D7 កងទ័ពចិន ក៏បានដំឡើងផងដែរនូវប្រព័ន្ធខែល ការពារមីស៊ីល S-400 ដែលប្រទេសនេះបានទិញ ពីប្រទេសរុស្ស៊ី ទៅដាក់ពង្រាយ នៅតាមឆ្នេរសមុទ្រ ។
អ្នកជំនាញផ្នែកយុទ្ធសាស្ត្រ យោធាចិន បាននិយាយថា ប្រព័ន្ធខែលការពារមីស៊ីល S-400 ដែលត្រូវបានដាក់ពង្រាយ នៅតាមឆ្នេរសមុទ្ រភាគខាងកើតប្រទេសចិន មានសមត្ថភាព ចាប់បានសញ្ញា និងបាញ់ទម្លាក់គ្រាប់មីស៊ីល យន្តហោះដ្រូន ឬ យន្តហោះចម្បាំង ដែលស្ថិតនៅចម្ងាយ៦០០ គីឡូម៉ែត្រពីចិនដីគោក ។
អ្នកជំនាញដដែល បានបន្តថា ប្រព័ន្ធខែលការពារមីស៊ីល S-400 ដែលដាក់ពង្រាយនៅតាមឆ្នេរសមុទ្រ គឺមានសមត្ថភាព អាចគ្របដណ្តប់ និងវាយប្រហារ គ្រប់ទីតាំងយោធារបស់កោះតៃវ៉ាន់ ដែលស្ថិតនៅចម្ងាយ ត្រឹមតែជាង១៨០គីឡូម៉ែត្រប៉ុណ្ណោះ ពីចិនដីគោក ហើយបើនិយាយ អោយស្រួលស្តាប់ គឺកងទ័ពចិន អាចបាញ់កម្ទេច យន្តហោះចម្បាំង យានដ្រូន និងគ្រាប់មីស៊ីលរបស់តៃវ៉ាន់ ទាំងយន្តហោះចម្បាំង យានដ្រូន និងគ្រាប់មីស៊ីលទាំងនោះ មិនទាន់ហោះហើរ ចេញពីកោះតៃវ៉ាន់ផង ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំ អោយប្រទេសចិនដំឡើង សាច់ដុំ ខាងយោធាដាក់តៃវ៉ាន់ កាន់តែខ្លាំង គឺដោយសារប្រធានាធិបតី របស់កោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន មានជំហរដាច់ណាត់ក្នុងការប្រឆាំងតបត ជាមួយចិន ទោះបីជាប្រឆាំងតបត ដោយអាវុធក៏ដោយ ហើយប្រធានាធិបតីរូបនេះ បានជាប់ឆ្នោត នៅអាទី២ និងបានចុះកិច្ចសន្យា ទិញអាវុធជាច្រើនប្រភេទ ពីសហរដ្ឋអាមេរិក ដូចជាមីស៊ីល និងយន្តហោះចម្បាំងទំនើបថ្មីៗ ពីអាមេរិកជាដើម ។
ដោយសារតែកោះតៃវ៉ាន់ ប្រឈមនឹងការគំរាមកំហែង ពីសំណាក់លោកប្រធានាធិបតី ចិន ស៊ី ជីនពីង ដែលថានឹងយកកោះតៃវ៉ាន់មកគ្រប់គ្រងវិញអោយបាន ទោះបីជាត្រូវប្រើកងកម្លាំងយោធា ក៏ដោយនោះ កោះតៃវ៉ាន់ របស់លោកស្ រីប្រធានាធិបតី សៃ អ៊ីវិន បានសម្រេចចិត្ត បង្កើនថវិកាយោធា រហូតដល់១០ភាគរយ បន្ថែមទៀត រហូតដល់ទឹកប្រាក់ប្រមាណ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២១ ខាងមុខ ដែលជាថវិកាដ៏ច្រើនដែលតៃវ៉ាន់មិនធ្លាប់មាន ។
មូលហេតុដែលធ្វើ អោយចិនដីគោក ក្តៅស្លឹកត្រចៀក កាន់តែខ្លាំងចំពោះ កោះតៃវ៉ាន់នោះ គឺដោយសារកោះនេះ បានសម្រេចចិត្ត បង្កើនថវិកាយោធា កាន់តែច្រើន ដោយសារកោះនេះ ទិញគ្រឿងសព្វាវុធ ពីសហរដ្ឋអាមេរិក កាន់តែច្រើន និងដោយសារសហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំង មកកាន់ដែនទឹក ក្បែរកោះតៃវ៉ាន់ ហើយនាវាចម្បាំងអាមេរិក បានធ្វើដំណើរនៅលើ ដែនទឹកចន្លោះ កោះតៃវ៉ាន់ និងចិនដីគោក ។
សកម្មភាព របស់កោះតៃវ៉ាន់ ទាំង៣ចំណុចខាងលើ គឺជាកត្តាដ៏ខាន់ ក្នុងការរុញច្រានអោយចិនដី គោកបញ្ចេញសាច់ដុំ ខាងយោធាដាក់កោះ នេះវិញ ខណៈដែលនៅពេលនេះ ចិនគ្រាន់តែជា បង្ហាញសាច់ដុំ ប៉ុន្តែតាមអ្នកវិភាគមួយចំនួន បានលើកឡើងថា ចិនដីគោកបានរៀបចំ យុទ្ធសាស្រ្ត និងបានត្រៀមខ្លួន រួចរាល់អស់ហើយ សម្រាប់វាយដណ្តើម យកតៃវ៉ាន់ឲ្យមក ធ្វើជាដែនដីរបស់ខ្លួនវិញ នៅថ្ងៃណាមួយនាពេលអនាគត ៕
អ៊ី ជិន