ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មឈ្មួញ ត្បូងអូស្ត្រាលី ពីបទគាំទ្រ ដល់ពួកអាល់កៃដា

បរទេស៖រដ្ឋបាលលោក ត្រាំ នាពេលថ្មីៗនេះ បានផ្តោតគោលដៅលើឈ្មូញត្បូងមានមូលដ្ឋាននៅក្នុងប្រទេសអូស្ត្រាលី ពីបទធ្វើជាអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុ សម្រាប់ក្រុមភេរវកម្ម អាល់កៃដា នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ 

ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួនទើបបានដាក់ទណ្ឌកម្មលោក Ahmed Luqman Talib និងក្រុមហ៊ុនត្បូង របស់លោក Talib and Sons នៅក្នុងទីក្រុងមែនប៊ើន ពីបទផ្តល់ជំនួយក្នុងការចល័តមនុស្សនិងហិរញ្ញវត្ថុនៅទូទាំងពិភពលោក ដើម្បីជំរុញបន្ថែមគោលបំណងរបស់ពួកអាល់កៃដា ដែលជាអង្គការសកម្មប្រយុទ្ធមួយ ដែលសហរដ្ឋអាមេរិកចាត់ទុកថា ជាអង្គការភេរវកម្មអន្តរជាតិ នៅក្នុងឆ្នាំ១៩៩៩។ 

ក្រសួងរតនាគារសហរដ្ឋអាមេរិកតាមសេចក្តីរាយការណ៍ បានចោទប្រកាន់លោក Talib ពីបទប្រើប្រាស់មុខជំនួញត្បូងរបស់លោក ដើម្បីបញ្ជូនប្រាក់ឧបត្ថម្ភសម្រាប់ពួកអាល់កៃដា នៅទូទាំងពិភពលោក ដែលរួមបញ្ចូលទាំងនៅក្នុងប្រទេសប្រេស៊ីល កូឡំប៊ី ស្រីលង្កា តង់ហ្សានី តួកគី និងនៅតំបន់ឈូងសមុទ្រ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top