ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យ មន្ត្រីសាខាកាកបាទក្រហមខេត្ត ត្រៀមលក្ខណៈ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយកើតឡើង

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ ណែនាំដល់ មន្ត្រីសាខាកាកបាទក្រហមខេត្ត ឲ្យត្រៀមលក្ខណៈ ទាំងកម្លាំង.ស្បៀង.សម្ភារៈ.ថវិកា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើង ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ដូច្នេះ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលសកម្មភាពការងារ រយៈពេល ៩ខែ ដើមឆ្នាំ និងលើកទិសដៅការងារបន្ត ៣ខែ ចុង ឆ្នាំ២០២០ នៅស្នាក់ការ សាខាកាកបាទក្រហមខេត្តកំពង់ចាម ។

បន្ទាប់ពីបានតាមដានស្តាប់ នូវរបាយការណ៍សង្ខេប ដែលរាយការណ៍ដោយលោក ទូច ឆៃ នាយកប្រតិបត្តិសាខា ស្តីពីលទ្ធផលការងារ រយៈពេល ៩ខែ ដើមឆ្នាំ របស់សាខា ព្រមទាំងរបាយការណ៍របស់ លោកស្រី ចាន់ វ៉ាន់នី ហិរញ្ញឹកសាខា ស្តីពីចំណូល ចំណាយ ហិរញ្ញវត្ថុ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញ ធ្វើអោយវិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ៩ខែដើមឆ្នាំ នេះសម្រេចបានលទ្ធផលគួរជាទីមោទនៈ ពិសេស ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ ដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលខ្វះខាតជីវភាព បានទាន់ពេលវេលា។

ជាមួយនេះ សាខា ក៏បានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងកិច្ចសហការដឹកនាំ កម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត ចុះយុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការអប់រំសុខភាព ពាក់ព័ន្ធទៅនឹងការកាត់បន្ថយហានិភ័យ នៃការឆ្លងជម្ងឺកូវីដ19 – ជម្ងឺគ្រុនឈីក គ្រុនឈាម នៅតាមភ្លើងស្តុបនានា ក្នងក្រុងកំពង់ចាម ក្នុងឱកាសថ្ងៃឈប់សម្រាក ជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិក្នុងអំឡុង ខែកក្កដា កន្លងទៅនោះផងដែរ ។

មានប្រសាសន៍ ក្នុងឱកាសបិទកិច្ចប្រជុំ លោក ប្រធានគណៈកម្មាធិការសាខា បានណែនាំអំពីវិធានការមួយចំនួន សម្រាប់អនុវត្តបន្ត រយៈពេល ៣ខែ ចុងឆ្នាំ នេះ ពិសេស ត្រូវយកចិត្តទុកដាក់ បន្តការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយ ការទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ19 អោយបានជាប្រចាំ – ការពង្រឹងរបៀបរបបធ្វើការងារ ពង្រឹងរចនាសម្ព័ន្ធចាត់តាំង កាកបាទក្រហមកម្ពុជា តាមអនុសាខា ក្រុង ស្រុក ឃុំ សង្កាត់ -ការត្រៀមគ្រប់កម្លាំង មធ្យោបាយ ស្បៀង សម្ភារ និងថវិកា ដើម្បីម្ចាស់ការអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះបន្ទាន់បានទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើងភ្លាម ៗ ពិសេសជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ ដែលកំពុងមានការហក់ឡើង និងរៀបចំផែនការសកម្មភាព សម្រាប់សាខាអនុវត្ត ក្នុងឆ្នាំ ២០២១ អោយមានតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធិផល៕

To Top